ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង

ភ្នំពេញ: នៅវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បុរសម្នាក់បើករថយន្តស៊េរីទំនើប LEXUS LX570 ពាក់ស្លាកលេខ ខេមរភូមិន្ទ ទៅបុករថយន្តស៊េរីទំនើបម៉ាក Porsche ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវR6 កែងផ្លូវ១០២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបម៉ាក Porsche ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-4455 បើកបរដោយបុរសម្នាក់ជាជនជាតិកូរ៉េ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០២ ទិសដៅពីលិចមកកើត ។ ខណ:មកដល់ចំណុចកើតហេតុ ក៏បានឆ្លងស្តុបបម្រុងនឹងបត់ឆ្វេង ទៅទិសខាងជើង តែបានពាក់កណ្ដាល ស្រាប់តែរថយន្តស៊េរីទំនើបម៉ាក LEXUS LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 01- 2-0817 បើកបរដោយបុរសម្នាក់ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនបុកពេញទំហឹង បណ្ដាលឲ្យ រងការខូចខាតយ៉ាងដំណំ ។ រីឯរថយន្ត LEXUS 570 បានខូចខាតផ្នែកខាងមុខផងដែរ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ធ្វើការសម្របសម្រួល ឲ្យភាគីទាំងពីរដោះស្រាយគ្នា ។ ដោយមិនចង់មានរឿងវែងឆ្ងាយភាគីទាំងសងខាង ក៏សម្រេចចិត្តសុំស្មើគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕

មតិយោបល់