ព័ត៌មានជាតិ

ជប៉ុន មានផែនការអភិវឌ្ឍកាំភ្លើងយន្ដដ៏ទំនើប ដើម្បីទប់ទល់នឹងមីស៊ីលល្បឿនលឿនជាងសំឡេង

(តូក្យូ)៖ ក្រសួងការពារជាតិជប៉ុន នឹងអភិវឌ្ឍកាំភ្លើងយន្ដដ៏ទំនើបមួយដែលមានសមត្ថភាពទប់ទល់ជាមួយមីស៊ីលល្បឿនលឿនជាងសំឡេង ខណៈប្រទេសមួយចំនួនដូចជាអាមេរិក ចិន កូរ៉េខាងជើង និងរុស្ស៊ី កំពុងនាំគ្នាអភិវឌ្ឍអាវុធលឿនជាងសំឡេងនេះ។ នេះបើតាមសារព័ត៌មាន Nikkei Asia។

សារព័ត៌មាន Nikkei Asia ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីនៃក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថាក្រុមអ្នករៀបចំគោលនយោបាយជប៉ុន មើលឃើញថាមីស៊ីល ឬអាវុធល្បឿនលឿនជាងសំឡេង គឺជាអាវុធស៊េរីថ្មីមួយប្រភេទនឹងក្លាយជាគន្លឹះដ៏សំខាន់នៃយុទ្ធសាស្ត្រយោធានៅពេលអនាគត ដែលនេះ តម្រូវឱ្យជប៉ុនត្រូវតែពង្រឹងសមត្ថភាពការពារខ្លួនជាបន្ទាន់ ជាពិសេសដើម្បីប្រឈមមុខជាមួយចិន ដែលត្រូវបានគេរាយការណ៍ថាមានភាពរីកចម្រើនក្នុងការផលិត អាវុធល្បឿនលឿនជាងសំឡេង។

បើតាម Nikkei Asia ប្រព័ន្ធខែលការពារមីស៊ីលដែលជប៉ុនមានស្រាប់នៅក្នុងដៃ គឺអាចបាញ់ចេញមីស៊ីលក្នុងល្បឿនមានកំណត់ត្រឹម ១,៧០០ម៉ែត្រ ក្នុងមួយវិនាទី ខណៈកាំភ្លើងយន្ដដែលជប៉ុនកំពុងស្ថិតនៅក្រោមការសិក្សា និងអភិវឌ្ឍ មានសមត្ថភាពបាញ់ចេញមីស៊ីលជិត ២,៣០០ម៉ែត្រ ក្នុងមួយវិនាទី៕

មតិយោបល់