កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១ និង ២៧នាទី នៅលើផ្លូវជាតិលេខ៤៤ (៧២-៧៣) ស្ថិតក្នុងភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីរថយន្ត របូតកង់រត់ទៅបុកមនុស្សស្លាប់១នាក់ និងរបួសស្រាល១នាក់ ។
សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ មានរថយន្ត០១គ្រឿងម៉ាកហ៊ីណូ ក្បាលពណ៌ត្រួយចេក ទ្រុងពណ៌ខៀវ ពាក់ផ្លាក លេខភ្នំពេញ 3B-1259 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរក្នុងទិសដៅពីកើតទៅលិច លុះបើកដល់ចំណុច កើតហេតុខាងលើ ក៏បានរបូតកង់ក្រោយរថយន្តខាងឆ្វេង (កង់១គូ) រត់ទៅបុកមនុស្ស២នាក់ ដែលកំពុងអង្គុយលេងខាងមុខផ្ទះ មានឈ្មោះ សុខ សឿន ភេទប្រុស អាយុ៧៩ឆ្នាំ (ប្តី) និងឈ្មោះ អិន អឿន ភេទស្រី អាយុ៦៥ឆ្នាំ (ប្រពន្ធ) ទាំង០២នាក់រស់នៅភូមិ ផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បណ្ដាលឱ្យឈ្មោះ សុច សឿន (ស្លាប់) នៅកន្លែងកើតហេតុ ឈ្មោះ អិន អឿន របួសស្រាល ។
បន្ទាប់មកកង់រថយន្តនោះ ក៏រត់ហួសចូលទៅក្នុងផ្ទះ បណ្តាលឱ្យខូចខាតសម្ភារៈនៅក្នុងផ្ទះរួមមាន៖ ទូទឹកកក០១គ្រឿង,ទូដាក់គ្រឿង ក្រអូប០១ ដែកព្យួរស្បែក១ ទូប្រេងម៉ាស៊ី០១ ប្រេងម៉ាស៊ីន០៥កេស, ទូបារី០១ ជញ្ជាំងផ្ទះថ្ម០១ផ្ទាំង និងរថយន្តតាកូម៉ាខូចខាត ចំហៀង ខាងក្រោយខាងឆ្វេង (ស្រាល) ចំណែកឯអ្នកបើកបរ និងរថយន្តបង្កខាងលើ ក៏បានបើករត់ទៅដល់គីឡូម៉ែត្រ (៦៤-៦៥) ស្ថិតក្នុងភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ្នកបើកបរបានចុះរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅត្រួតពិនិត្យ វាស់វែងកន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រគល់ សាកសពជូនសាច់ញាតិ យក ទៅធ្វើបុណ្យតាមប្រពៃណី និងចាប់យកវត្ថុតាងរថយន្ត០១គ្រឿង យកមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់