ព័ត៌មានជាតិ

សំណាងភ្ញាក់ទាន់! សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ

បាត់ដំបង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវ:លើនារីម្នាក់កំពុងសម្រាកនៅកន្លែងធ្វើការតែមិនបានសម្រេច ករណីនេះកើតឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០០និង១៦នាទីឈានចូល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចក្រុមទី១ ភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះសុន វិសាល ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពយកទួឡឺវីសមួលវីសជញ្ជាំងកុងផ្លាកេរួចយកដៃឆ្កឹះគន្លឹះទ្វារចូលទៅក្នុងបន្ទប់ប៉ុនប៉ងរំលោភនារីម្នាក់ឈ្មោះឈ.វមអាយុ២២ឆ្នាំមានទីលំនៅភូមិស្ពង់ឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង(បច្ចុប្បន្នស្នាក់នៅធ្វើការកន្លែងកើតហេតុខាងលើ)តែត្រូវជនរងគ្រោះភ្ញាក់ដឹងខ្លួនទាន់នឹងស្រែកឲ្យគេជួយជនសង្ស័យខាងលើបានចូលទៅដេកក្នុងបន្ទប់របស់ខ្លួនវិញ។

បន្ទាប់ពីទទួលព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូចសហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សីដឹកនាំដោយលោកវរសេនីយ៍ឯកសគឹមឡុងជាអធិការបានចុះដល់កន្លែងកើតហេតុនិងធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាមានបំណងប្រព្រឹត្តិសកម្មភាពប៉ុនប៉ងចាប់រំលោភទៅលើជនរងគ្រោះពិតប្រាកដមែនតែមិនបានសម្រេច។ករណីនេះដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោសាតគឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់លោកវរសេនីយ៍ឯកលឹមពុទ្ធីឡាស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនិងដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តមកែវសុជាតិព្រះរាជវអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងកម្លាំងនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធី៕

 

មតិយោបល់