កណ្តាលៈ នៅល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ លោក សូ សុវិទ្យា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចដោះលែងបុរសចំណាស់ម្នាក់ដែលបើករថយន្តបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ស្លាប់ និង ក្មេងស្រីអាយុ១៣ឆ្នាំរងរបួសស្រាលឲ្យមានសេរីភាពឡើងវិញ ។ របាយការណ៍ប៉ូលិស បង្ហាញថា បុរសចំណាស់រូបនេះ ជាន់ហ្គែររថយន្តច្រឡំថាជាហ្វ្រាំង ទើបជ្រុលបុកជនរងគ្រោះ ។
បើតាមលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល បានប្រាប់អោយដឹងថា លោក សូ សុវិទ្យា ព្រះរាជអាជ្ញារង បានអនុញាតអោយជនសង្ស័យ ត្រឡប់ទៅវិញដោយហេតុថា ជនសង្ស័យគាត់មានការទទួលខុសត្រូវចំពោះព្យសនកម្មដែលកើតឡើង ភាគីគាត់បានជូនជនរងគ្រោះទៅពេទ្យ ចូលបុណ្យជនរងគ្រោះ ជនរងគ្រោះបានដកបណ្ដឹង គាត់មិនបានរត់គេចពីកន្លែងកើតហេតុ គាត់មានបណ្ណ័បើកបរ ការកើតហេតុដោយសារការច្រឡំជាន់ហ្គែរ គាត់មិនបានពិសារគ្រឿងស្រវឹង គាត់មានទីលំនៅច្បាស់លាស់។
មជ្ឈដ្ឋានមួយចំនួន សង្កេតឃើញថា បញ្ហាគ្រោះថ្នាក់ចរាចរនៅកម្ពុជា នឹងមិនអាចថយចុះទេ ប្រសិនបើឥរិយាបថនៃអ្នកបើកបរមិនផ្លាស់ប្ដូរ ហើយជនបង្កបុកមនុស្សស្លាប់ ចេះតែត្រូវតុលាការដោះលែងងាយៗ បែបនេះ។
មន្ត្រីតុលាការមួយរូបសុំមិនបញ្ចេញឈ្មោះ បង្ហើបឱ្យដឹងថា ការសម្រេចដោះលែងនេះ បន្ទាប់ពីគ្រួសារសពព្រមទទួលសំណងជាថ្នូរនឹងការដកពាក្យបណ្ដឹង ។ ប៉ុន្តែអ្នកច្បាប់មួយរូប អះអាងថា សំណងរដ្ឋប្បវេណី ពុំអាចធ្វើឱ្យបណ្តឹងអាជ្ញា រលត់នោះទេ ។
មាត្រា៨៥ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែងថា”ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬ មិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១៥លានរៀល”។
របាយការណ៍នគរបាលស្រុកកៀនស្វាយ បង្ហាញថា កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៩និង២០ មុខផ្សារគគីរ ភូមិគគីរ ឃុំដីឥដ្ឋ មានហេតុការណ៍គ្រោះថ្នាក់ចរាចរមួយដែលបង្កដោយឈ្មោះ ជួប សារ៉េត ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅ ផ្ទះ៣៧០ ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ២នាក់ឈ្មោះ ហុក ឆាយហេង ភេទប្រុសអាយុ៩ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ និង ឈ្មោះ ហុក ណាលីស ភេទស្រី អាយុ១៣ឆ្នាំ រងរបួសស្រាល ។
នគរបាលបញ្ជាក់ថា ជនបង្កបើករថយន្តម៉ាក តូយ៉ូតាហាយឡែនឌើរ ពណ៌ទឹកមាស ប្រភេទទេសចរណ៍ពាក់ផ្លាកលេខ ភ្នំពេញ2AC-0667 ទិសដៅពីភ្នំពេញទៅអ្នកលឿង។
ពេលបើកមកដល់ចំណុចកើតហេតុ បានឈប់អែបខាងស្តាំឱ្យអ្នករួមដំណើរចុះទិញសម្ភារៈ ពេលកំពុងឈប់ភ្លេចដោះលេខក៏លែងជើង ជាន់ហ្គែរច្រឡំថាជាហ្វ្រាំង ជ្រុលបុកជនរងគ្រោះតែម្តង ។
នគរបាល សន្និដ្ឋានថា បញ្ហាគ្រោះថ្នាក់ចរាចរ គឺបណ្ដាលមកពីជនបង្កបើកបរខ្វះការប្រុងប្រយ័ត្ន៕
https://youtu.be/3Z5HZUAcXEU
មតិយោបល់