ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ នៃកងយោធពល ខេមរៈភូមិន្ទ និងជាមេបញ្ជាការរង កងទ័ពជើងគោក នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ បានអញ្ជើញចុះជួបនិង សំណេះសំណាល ជាមួយបងប្អូន នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចថ្មើរជើង លេខ៧០ ។
នៅក្នុងពិធីជួបសំណេះសំណាលនេះ លោក ហ៊ុន ម៉ាណែត បានលើក ឡើងថា ជាការជួបពិភាក្សាគ្នា ដើម្បីផ្តល់ឱកាស ឲ្យនាយទាហាន នាយទាហានរងពលទាហានលើកឡើង នូវតម្រូវការនិងសំណូមពរផ្សេងៗ ក្នុងគោលបំណងចង់ដឹង និងស្វែងយល់ពីសុខទុក្ខរបស់កងទ័ព។ ជាការពិតជាក់ស្តែងយើង បានធ្វើកិច្ចការជាច្រើន នាពេលកន្លងមក ប៉ុន្តែយើងទទួល ស្គាល់ថានៅមានសេសសល់ កិច្ចការអវិជ្ជមានផងដែរ ដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ របស់យើងកំពុងខិតខំធ្វើកំណែទម្រង់ ហើយយើងក៏ខិតខំជួយគ្នា រួមគ្នាដោះស្រាយ ឲ្យអស់លទ្ធភាពក្នុងន័យ បង្រួមចំណុចអវិជ្ជមាន ពង្រីកចំណុចវិជ្ជមាន ដើម្បីបំពេញ តម្រូវការ ជូនកងទ័ព។ ក្នុងហេតុផលទាំងនេះហើយ ទើបបានជាយើង រៀបចំនូវកម្មវិធីសំណេះសំណាល និងលើកឡើងនូវតម្រូវការ និងសំណូមពរផ្សេងៗនាពេលនេះ។
លោក ហ៊ុន ម៉ាណេតបាន បញ្ជាក់ថានេះគឺជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលសម្តេចតេជោ ហ៊ុន សែន បាន និងកំពុងខិតខំគិតគូរ យកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅ និងការលើកតម្កើនកិត្តិយសកងទ័ព តាមរយៈការតម្លើងប្រាក់បៀវត្ស ការផ្តល់ប្រាក់របបផ្សេងៗ ការក្តាប់បាននូវតម្រូវការ និងសំណូមពរផ្សេងៗ និងការយកចិត្តទុកដាក់ផ្សេងៗ ចំពោះកងទ័ពទាំងយោធិន ដែលមានវ័យចំណាស់ និងយោធិនវ័យក្មេងរបស់យើង។ សាមគ្គីភាព គឺជាកត្តាចាំបាច់ នៅក្នុងអង្គភាពមួយ ដើម្បីទទួលបានភាពជោគជ័យ។ ទាហានដែលមានវ័យចំណាស់ និងទាហានវ័យក្មេង ត្រូវផ្សារភ្ជាប់ជាមួយគ្នា ដើម្បីពង្រីកការយល់ដឹង និងការដកបទពិសោធន៍ពីគ្នា ទៅវិញទៅមក ការគោរពស្រឡាញ់គ្នា ប្រកបដោយគុណធម៌ ដើម្បីពង្រីកចំណេះដឹង សមត្ថភាពជំនាញ ក្នុងន័យរក្សាចាស់ពង្រីកថ្មី និងដើម្បីផ្តល់ កិត្តិយសចំពោះកងទ័ព។
នាឳកាសនេះដែរលោក ហ៊ុន ម៉ាណេត បានកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះ ការខិតខំគៀងគរ រកប្រភព និងសប្បុរសជន ផ្សេងៗ ដើម្បីចូលរួមជួយកសាង នៅក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៧០។
លោកសង្ឃឹមយ៉ាងមុតមាំថា ការជួបជុំនៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងពី គោលនយោបាយ និងការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយតម្រូវការ និងសំណូមពរផ្សេងៗ របស់កងទ័ពដើម្បី បុព្វហេតុបម្រើការពារជាតិ មាតុភូមិនិងប្រជាជន។
ជាមួយគ្នានេះដែរ លោកបានស្នើសុំឲ្យអង្គភាពផ្សេងៗ បន្តធ្វើការងារនេះ ជាប់ជាប្រចាំដើម្បី ក្តាប់បាននូវរាល់តម្រូវការ និងសំណូមពរផ្សេងៗ របស់កងទ័ព៕
មតិយោបល់