ភ្នំពេញៈ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌចំការមន បានបញ្ជូនខ្លួនបុរសជាឃាតកដែលសម្លាប់ស្ដ្រីម៉ាស្សានៅសង្កាត់ផ្សារដើមថ្កូវ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សមត្ថកិច្ចបានបញ្ជាក់ថាបុរសជាឃាតកមានឈ្មោះ ហុង សុខហេង ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅចំណុចផ្ទះលេខ៣៦៥ ផ្លូវលេខ១៦៣ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ចំណែកស្ដ្រីរងគ្រោះមានឈ្មោះ សួង លីនណា អាយុ៣០ឆ្នាំ មុខរបរ បុគ្គលិកម៉ាស្សា ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានកូនប្រុស២នាក់ ឈ្មោះ រិទ្ធិ រាជ្យ អាយុ៥ឆ្នាំ ម្នាក់ទៀតអាយុ៣ឆ្នាំ ឈ្មោះ រិទ្ធិ សាក់ ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៨ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការម បានធ្វើការឃាត់ខ្លួនបុរសជាឃាតកដែលសម្លាប់ស្ដ្រីម៉ាស្សា នៅចំណុចភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
គួររំលឹកថា កាលព្រឹកថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០១៨ ស្ត្រីម្នាក់ត្រូវបានប្រទះឃើញស្លាប់ដោយចង.កនៅនឹងបង្អួចក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ នៅចំណុចផ្ទះលេខ៣៦៥ ផ្លូវលេខ១៦៣ ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន៕
មតិយោបល់