ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូឌ្រីមសង់មួយគ្រឿង បើកក្នុងល្បឿនលឿនត្រូវបានរថយន្តម៉ាសស្តាមួយគ្រឿងបុក បណ្តាលឲ្យម៉ូតូខ្ទាតចូលក្រោមរថយន្ត តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៦និង៤០នាទីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថី សហព័ន្ធរុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ កំពង់ស្ពឺ 1S-7220 បើកតាមបណ្តោយមហាវិថីសហព័ន្ធរុស្សីទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដល់ចំណុចស្តុបមុខប្រលានយន្តហោះម៉ូតូមិនគោរពភ្លើងស្តុបឃើញស្តុបក្រហមហើយនៅតែបន្តបើកទៅមុខទៀត ស្រាប់តែមានរថយន្តម៉ាសស្តា ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AR-1559 រថយន្តរបស់ក្រុមហ៊ុន (Cambodia-AirWay) បើកចេញពីក្នុងបព្រលានមកឆ្លងផ្លូវក៏ជ្រុលទៅបុកម៉ូតូចូលក្រោមរថយន្ត បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុឲ្យធ្វើការដោះស្រាយគ្នា ហើយខាងភាគីរថយន្តបានទារសំណងទៅខាងភាគីម៉ូតូតែខាងភាគីម៉ូតូមិនមានលទ្ធភាពក៏ខាងរថយន្តសុខចិត្តស្មើគ្នា ដើម្បីបញ្ចប់រឿងនៅទីតាំងកន្លែងកើតហេតុ ៕
មតិយោបល់