ព័ត៌មានជាតិ

ពលរដ្ឋប្រទះឃើញបុរសម្នាក់ ចងកសម្លាប់ខ្លួន​ព្រោះគ្មានលុយសងបំណុលគេ

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ដោយចងក សពមានសភាពហើមស្អុយ នៅចំណុចតាណុបតាជៃ ខាងលិចភូមិគោកសំរោងលិច ចម្ងាយប្រមាណ២,៥០០ ម៉ែត្រ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលបាននិយាយថា ៖ សពមិនត្រូវបានគេស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៤៨ឆ្នាំ កំពស់១,៧០ម៉ែត្រ ស្លៀកខោទាហាន ពាក់អាវបាត់រងាពណ៌អាចម៍សេះ ចងកនឹងខ្សែនីឡុងជ័រពណ៌ស ភ្ជាប់នឹងដើមត្របែកព្រៃមិនដឹងជាប៉ុន្មានថ្ងៃនោះឡើយ សពមានសភាពហើមរលួយស្អុយ ។

ប្រភពដដែលបានបញ្ជាក់ថា​៖ ក្រោយពីបានទទួលព័ត៌មាន ភ្លាមកម្លាំងបានចុះដល់កន្លែងកើតហេតុ និងបង្កើតគណៈកម្មការធ្វើការពិនិត្យសព ពុំឃើញមានស្លាកស្នាមអ្វី ដែលគួរឲ្យសង្ស័យលើករណីឃាតកម្មទេ ហើយគ្រូពេទ្យសន្និដ្ឋានថា សពពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន ។

បន្ទាប់ពីធ្វើការផ្សព្វផ្សាយ នៅវេលាម៉ោង០៨យប់ថ្ងៃទី១០ ខែមករា ដដែល ទើបមាន ឈ្មោះ ឈីន បុរី អាយុ ៤០ឆ្នាំ ត្រូវជាប្រពន្ធរបស់សព បានបញ្ជាក់អះអាងថា បុរសដែលស្លាប់ខាងលើគឺជាប្ដីរបស់ខ្លួនគាត់មានឈ្មោះ តេង កុសល ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិហ្លួងលើ ឃុំឫស្សីក្រោ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា៖​ តាមការបំភ្លឺពីក្រុមគ្រួសារប្តីរបស់គាត់ កាលពី១សប្តាហ៍មុនធ្លាប់បានមកមើល កន្លែងដឹកដីធ្វើផ្លូវចូលស្រែនៅចំណុចខាងលើ ជាមួយឈ្មោះ ឈុន ណា ភេទប្រុស រស់នៅស្រុកមង្គលបូរី ជាមួយគ្នា ។ ម្យ៉ាងកាលពីប្រហែលជា១ខែមុនក៏ធ្លាប់រត់ចងក នៅផ្ទះម្តងតែមិនបានសម្រេច ។

ក្រោយមកគាត់បានបាត់ខ្លួនពីផ្ទះ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ តែរកមិនឃើញ ហើយមូលហេតុដែលគាត់មានបំណងធ្វើអត្តឃាតនេះ ដោយសារតែមានវិបត្តិជំពាក់លុយគេ គ្មានលុយសង ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់