ព័ត៌មានជាតិ

សិស្សសាលាប្រុសស្រី ៣នាក់ របួសធ្ងន់ស្រាល បញ្ជូនទៅសង្រ្គោះភ្លាមៗ បន្ទាប់ពីជិះម៉ូតូបុកគូទរថយន្តកំពុងឈប់បូមទឹក

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលសិស្សសាលាប្រុសស្រីមានគ្នា ៣នាក់ ធ្វើដំណើរដោយម៉ូតូឌ្រីមសង់មួយគ្រឿង បានបើកបុកគូថរថយន្តកំពុងឈប់បូមទឹកដាក់ក្នុងស៊ីទែន រងរបួសធ្ងន់ស្រាលបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តកូរ៉េមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3F- 2340 ដែលដឹកស៊ីទែនទឹកចំនួន៣ កំពុងឈប់បូមទឹកពីប្រឡាយចូលក្នុងស៊ីទែន ស្របពេលនោះក៏មានម៉ូតូឌ្រីមសង់ឆ្នាំ២០១៦ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1FQ-1503 ជិះដោយក្មេងសិស្សសាលាប្រុស្រីចំនួន ៣នាក់ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកគូទរថយន្តយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលទាំង ៣នាក់ បញ្ជូនទៅសង្គ្រោះភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាជំនាញចរាចរណ៍ បានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងយកសម្ភារ:ទាំងសងខាង រក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់