ព័ត៌មានជាតិ

Update៖ ជនដៃដល់ប្រដាប់ដោយឈើជ្រុង វាយជនរងគ្រោះម្នាក់ចំក្បាលពេញទំហឹង បណ្តាលឲ្យដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួន

ភ្នំពេញ: នៅវេលាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ មានករណីបុរសពោះម៉ាយម្នាក់ បានដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួន បន្ទាប់ពីមានករណីហិង្សា ដោយជនដៃដល់ប្រដាប់ដោយឈើជ្រុង វាយចំក្បាលពេញទំហឹង ហេតុការណ៍នេះកើតឡើង នៅក្បែរមាត់ស្រះភូមិ ក្នុងភូមិត្រឹប សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ករណីខាងលើនេះ ដោយសង្ស័យជនរងគ្រោះ និងជនសង្ស័យមានការជួបជុំផឹកស៊ីជុំគ្នា រួចកើតជាហិង្សា បណ្ដាលឲ្យជនដៃដល់ យកឈើជ្រុងវាយចំក្បាលពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ រួចត្រូវបានក្មួយជនរងគ្រោះ ដែលនៅក្នុងហេតុការណ៍នោះដែរ បានក្រោយកមកផ្ទះដេកមួយយប់ ស្រាប់តែព្រឹកឡើងស្លាប់បាត់ ទើបតែបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅក្នុងផ្ទះរបស់ជនរងគ្រោះផ្ទាល់ភូមិត្រិប សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សពរងគ្រោះមានឈ្មោះ កយ សៀម អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ ជាបុរសពោះម៉ាយ ស្នាក់នៅផ្ទះខ្លួនឯង ភូមិត្រិប សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះរួមទាំងជនដៃដល់ និងក្មួយប្រុសម្នាក់ទៀត មានការជួបជុំផឹកស៊ី និងសង្ស័យមានការប្រើប្រាស់ នៅសារធាតុញៀនផង ពីព្រោះនៅទីតាំងកន្លែងកើតហេតុ គេឃើញមានប្រដាប់ប្រដាសម្រាប់ជក់ ទើបរហូតទាល់តែមានការឈានដល់ការទាស់ពាក្យសំដីគ្នា ក្លាយជាហិង្សាដោយជនដៃដល់មានឈ្មោះ ហុល ស៊ុនហុង អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិ-កើតហេតុជាមួយជនរងគ្រោះ ដែលប្រដាប់ដោយឈើជ្រុងមួយដើម វាយចំក្បាលជនរងគ្រោះយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលរងរបួសធ្ងន់ ភ្លាមៗនោះក្មួយរបស់ជនរងគ្រោះ ក៏គ្រាយកមកសម្រាកនៅក្នុងផ្ទះ រួចហើយចេញទៅបាត់ធម្មតា រហូតមកដល់ព្រឹកថ្ងៃទី១៥ ខែមករា នេះ ដោយបងប្អូនជនរងគ្រោះ បានទៅហៅដើម្បីទៅកម្មវិធីបុណ្យគេ ដាស់មិនភ្ញាក់ក៏មានការងឿងឆ្ងល់ និងព្យាយាមដាស់ជាច្រើនលើក ហើយនៅតែមិនមិនភ្ញាក់ ស្រាប់តែជនរងគ្រោះដេកស្លាប់បាត់ហើយ ទើបបង្កការភ្ញាក់ផ្អើលទាក់ទងទៅសាច់ញាតិ និងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យកោសល្យវិច័យអន្តរាគមន៍ភ្លាមតែម្តង ។

ភ្លាមៗនោះក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ ក៏ឃាត់បានជនដៃដល់យកទៅផ្នែកជំនាញដើម្បីសាកសួរ ។

តាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅជុំវិញទីតាំងកន្លែងខាងលើ បានបញ្ជាក់ឲ្យដឹងដែរថា គឺនៅមូលដ្ឋានកើតហេតុខាងលើ គឺសំបូរទៅដោយក្រុមក្មេងស្ទាវ ដែលតែងតែប្រើប្រាស់នៅសារធាតុញៀន មិនថាយប់ថ្ងៃ ដោយមិនខ្លាចអាជ្ញាធរឬសមត្ថកិច្ច បន្តិចសោះឡើយ ហាក់បីដូចជាអសន្តិសុខខ្លាំងណស់ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងព្រួយបារម្ភជាខ្លាំង ដូចករណីខាងលើជាដើម ដោយប្រជាពលរដ្ឋបានឃើញនៅ ប្រដាប់ប្រដាសម្រាប់ប្រើប្រាស់ នៅសារធាតុញៀនទៀតផង ។

ចំណែកសពជនរងគ្រោះត្រូវបានជំនាញកោសល្យវិច័យ របស់អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការសល្យវិច័យនិងកំណត់ហេតុ ដើម្បីប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់