ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែក) នៅចំណុចមាត់ទន្លេ ទល់មុខហាងកាហ្វេអាម៉ាហ្សូន ផ្លូវព្រះស៊ីសុវត្ថិភូមិ០១ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១២និង៣០នាទី ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សាន្ត ណាវី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពឹតប្រាកដ ។ សមត្ថកិច្ចដកហូតវត្ថុតាង៖ ខ្សែកមួយកំណាត់ លោហធាតុ ពណ៌លឿង (ប្រគល់ជូនជនរងគ្រោះវិញ) ។
ជនរងគ្រោះឈ្មោះ សូត្រ ម៉ារី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ សា្នក់នៅភូមិព្រៃទើ ឃុំព្រៃញាត្តិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សម្ភារបាត់បង់៖ ខ្សែកមួយកំណាត់ លោហធាតុពណ៌លឿង (ប្រគល់ជូនជនរងគ្រោះវិញ) ។ សមត្ថកិច្ចបានបញ្ជាក់ថានៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១២និង៣០នាទី ជនរងគ្រោះនឹងក្រុមគ្រួសារ បានចេញពីខេត្តកំពង់ស្ពឺមកលេងភ្នំពេញ ពេលនោះក៏បានដើរទៅទិញទឹកសុទ្ធ ស្របពេលនោះជនសង្ស័យកបានដើរមកជិត រួចធ្វើសកម្មភាពឆក់ខ្សែកពីជនរងគ្រោះបានសម្រេច ជនរងគ្រោះក៏បានស្រែកឆោឡោឡើង ចោរៗ ស្របពេលនោះកងកម្លាំងល្បាត របស់ប៉ុស្តិ៍ជ័យជំនះបានជួយអន្តាគមន៍ ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងខ្សែកមួយកំណាត់ (លោហធាតុពណ៌លឿង) យកមកសាកសួរនៅប៉ុស្តិ៍នគបាលជ័យជំនះ ។
ក្រោយពីសាកសួរជនសង្ស័យឈ្មោះ សាន្ត ណាវី បានសារភាពថាខ្លួនបានធ្វើសកម្មភាពលួចឆក់ខ្សែក ពិតប្រាកដមែន ។
បច្ចុប្បន្នកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់ ៕
មតិយោបល់