ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២ម្នាក់ ធ្វើសកម្មភាពធាក់ផ្តួលប្លន់យកម៉ូតូ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនម្នាក់

ភ្នំពេញ: នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២១និង៣០នាទី មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួច មានស្ថានទម្ងន់ទោស ធាក់ផ្តួលប្លន់យកម៉ូតូ ត្រង់ចំណុចច្រកចូលស្ថានីយវិទ្យុផ្លូវបេតុង ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ម៉ុត សារុំ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ទីលំនៅផ្ទះលេខ៨៧ ផ្លូវលេខ០៥ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មិត្ត ដេត ហៅ ម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ឃ្លាំងផ្ទុកអ៊ីវ៉ាន់ភោជនីយដ្ឋានទន្លេបាសាក់ ស្នាក់នៅក្នុងឃ្លាំងផ្ទុកអ៊ីវ៉ាន់ភោជនីយដ្ឋាន ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យគ្មានសារធាតុញៀន) ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1FE-6661 មានលេខតួ និងលេខម៉ាស៊ីន 801241 (ម៉ូតូរបស់ជនរងគ្រោះ) ។

ហេតុការណ៍៖ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២១និង៣០នាទី ជនរងគ្រោះឈ្មោះ ម៉ុត សារុំ ភេទប្រុស ៣០ឆ្នាំ បានបើកម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1FE-6661 មានលេខតួ និងលេខម៉ាស៊ីន801241 ឌុបប្រពន្ធឈ្មោះ នូ សុវណ្ណារី អាយុ៣០ឆ្នាំ និងកូនប្រុសម្នាក់អាយុ០២ឆ្នាំ ត្រឡប់ពីដើរលេងនៅផ្សារអ៊ីអន ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មកផ្ទះស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ពេលជនរងគ្រោះបើកម៉ូតូឌុបប្រពន្ធកូនតាមផ្លូវបេតុង ដល់ច្រកចូលស្ថានីយវិទ្យុ ស្ថិតនៅព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏មានជនសង្ស័យចំនួន០២នាក់ ទី០១-ឈ្មោះ មិត្ត ដេត ហៅ ម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំ ទី០២-ឈ្មោះ ផាន់ណា សេងថៃ ហៅ វែង ភេទប្រុស អាយុ២០ឆ្នាំ កំពុងឈរលើផ្លូវបេតុង ចូលទៅស្ថានីយវិទ្យុ ពេលជនរងគ្រោះបើកម៉ូតូទៅដល់ក្បែរ ស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាពធាក់ម៉ូតូ របស់ជនរងគ្រោះផ្តួល និងព្រួតគ្នាវៃទៅលើជនរងគ្រោះ រួចជនរងគ្រោះបានវ៉ៃតដៃជាមួយជនសង្ស័យវិញ ។

ហើយជនសង្ស័យឈ្មោះ មិត្ត ដេត ហៅម៉ៅ ក៏បានស្ទុះទៅលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន ប៉ុន្តែត្រូវបានប្រពន្ធរបស់ជនរងគ្រោះ ចាប់ទាញដៃម៉ូតូ រួចជនរងគ្រោះក៏បានយកម៉ួកសុវត្ថិភាព វ៉ៃទៅលើជនសង្ស័យ បណ្តាលឱ្យដួល ហើយក៏មានប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវបានជួយចាប់ឃាត់ជនសង្ស័យឈ្មោះ មិត្ត ដេត ហៅ ម៉ៅ និងទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច នគរបាលខណ្ឌដង្កោ ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនឈ្មោះ មិត្ត ដេត ហៅ ម៉ៅ រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក តាមនីតិវិធីច្បាប់ ចំណែកជនសង្ស័យឈ្មោះ ផាន់ណា សេងថៃ ហៅ វែង បានរត់គេចខ្លួនបាត់ ។ ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំងពីរនាក់ខាងលើ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕

មតិយោបល់