ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃើញមិត្តសិល្បៈការជិតអស់ ពេលនេះ ទឹម រដ្ឋា បង្ហាញតម្រុយត្រៀមចូលរោងការ ជាមួយបុរសបរទេស

(ភ្នំពេញ)៖ តារាសម្ដែង និងបង្ហាញម៉ូដ ទឹម រដ្ឋា ត្រូវបានគេដឹងថា មានចំណងស្នេហាជាមួយបុរសម្នាក់ ដែលជាអ្នកជំនួញដីធ្លីដ៏ប៉ិនប្រសព្វម្នាក់ អស់រយៈពេល៥ឆ្នាំហើយ។ ដោយសារស្ថានភាពកូវីដ១៩ បានប្រសើរហើយ ហើយគូស្នេហានានាក៏កំពុងដឹកដៃគ្នាចូលរោងការជាបន្តបន្ទាប់នោះ ពេលនេះស្រាប់ធ្លាយដំណឹងថា ស្រីស្អាត ទឹម រដ្ឋា ក៏មានគម្រោចូលរោងការនឹងគេដែរ ដើម្បីបញ្ចប់ភាពនៅលីវ។

ទឹម រដ្ឋា បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា នាងគ្រោងចូលរោងការនៅចុងខែមីនាខាងមុខនេះ ខណៈផែនការនេះបានខកខាននាពេលកន្លងមកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ តារាបង្ហាញម៉ូដខ្ពស់ស្រឡះរូបនេះបញ្ជាក់ថា វាដល់ពេលវេលាសម្រាប់រូបនាងហើយ ខណៈប្រទេសបានត្រឡប់ប្រក្រតីភាពឡើងវិញបណ្ដើរៗហើយនោះ។ តារាស្រីរូបនេះបន្តថា នាងមិនដែលខកការសន្យានោះទេ ចំពោះចំណងប្រាំប្រការ ដោយរមែងចិញ្ចឹមចិត្តរៀបការ ឲ្យផ្អើលគេឯងសមជាតារាល្បីឈ្មោះមួយរូបនោះ ខណៈអ្នករួមជំនាញមួយចំនួនបានរៀបការកើតជាកូនពូនជាចៅទៅហើយនោះ។

មង្គលការរបស់នាង ធ្វើនៅកន្លែងមួយក្នុងក្រុងភ្នំពេញនេះ ហើយនាងអះអាងថា នឹងរៀបចំឲ្យប្លែកពីគេ។ ម្យ៉ាងទៀត ពួកគេក៏មានគម្រោងទៅរៀបការនៅសហរដ្ឋអាមេរិក ដែលជាទីំណើតរបស់អនគាតស្វាមីរបស់នាង ខណៈញាតិមិត្តខាងប្រុសនៅទីនោះ ក៏ចង់ឃើញអ្នកទាំងពីររៀបផងដែរ។

សូមបញ្ជាក់ថា ទឹម រដ្ឋា នាពេលកន្លងមកធ្លាប់ជូបស្នេហ៍មិនសមបំណងជាបន្តបន្ទាប់ ទើបតែរយៈពេល៥ឆ្នាំមកនេះ ដែលនាងបានរក្សាចំណងស្នេហ៍ជាមួយគូស្នេហ៍បរទេសបានយ៉ាងល្អ ឈានដល់គម្រោងដឹកដៃគ្នារៀបការនៅចុងខែមីនាខាងមុខនេះ។ ទឹម រដ្ឋា អះអាងថា នឹងខិតខំថែរក្សាចំណងស្នេហ៍ជាមួយអនាគតស្វាមីរបស់នាង ជាអ្នកជំនាញផ្នែកអចលនទ្រព្យដ៏ប៉ិនប្រសព្វមួយរូបនេះឲ្យបានល្អ។

មតិយោបល់