ព័ត៌មានជាតិ

រថយន្តមួយគ្រឿងម៉ាកអូឌីបុករះម៉ូតូ៣គ្រឿង បើករត់គេចទៅបុករបាំងថ្មពុះចែងទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង១២ និង០០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បុរសម្នាក់បានបើករថយន្តម៉ាក អូឌីស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន តាមបណ្តោយផ្លូវលេខ២០០៤ ទៅបុករះម៉ូតូ០៣គ្រឿង មិនព្រមឈប់ដោះស្រាយ ព្យាយាមបើករត់មកដល់ផ្លូវ២១៥ ជិតស្តុបអាងទឹក ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់៤កង់ ស្ថិតតាមបណ្តោយផ្លូវលេខ២១៥ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកអូឌីស៊េរីទំនើប ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AM-6889 បើកបរតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករះម៉ូតូ៣គ្រឿងមិនចាំម៉ាក បណ្តាលឲ្យដួលពេញផ្លូវ មិនព្រមឈប់ដោះស្រាយ ក៏ព្យាយាមបើករត់ទៅមុខ ខណ:ពេលបើកមកដល់ចំណុចផ្លូវលេខ២១៥ ជាប់និងស្តុបអាងទឹក ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ក៏ជ្រុលចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់៤កង់ ចំណែករថយន្តបង្ករងការខូចខាត មួយកំណាត់ខាងមុខ ស្ទើរទាំងស្រុង ហើយភ្លាមនោះដែរ ម្ចាស់រថយន្តបង្កបានរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយជំនាញចរាចរណ៍ខណ្ឌទួលគោក ចុះមកពិនិត្យទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តបង្កចូលខ្លួនដោះស្រាយ ៕

មតិយោបល់