ព័ត៌មានជាតិ

Update៖ អាណិតណាស់បន្សល់ទុកកូន២នាក់ឲ្យកំព្រា ស្រ្តីម្នាក់បានស្លាប់ក្រោយពីចោរឆក់កាបូបដួលផុងលលាដ៍

ភ្នំពេញ: ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យ ក្រោយពីជនសង្ស័យធ្វើសកម្មភាពឆក់កាបូប ខណ:ពេលដែលគាត់កំពុងជិះម៉ូតូតាមផ្លូវ ទៅរកទិញអីវ៉ាន់នៅផ្សារអូរឫស្សី ដើម្បីយកមកលក់នៅផ្ទះ បណ្តាលឱ្យដួលម៉ូតូបោកក្បាលទៅនឹងថ្នល់ផុងលលាដ៍ រងរបួសយ៉ាងធ្ងន់ធ្ងរ កាលពី៤ថ្ងៃមុនកន្លងទៅនេះ ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ អ៊ុក កន្និកា ភេទស្រី អាយុ ៤១ ឆ្នាំមានប្តីឈ្មោះ ពុំ​ រ៉ាវីន អាយុ៤៧ឆ្នាំ បច្ចុប្បុន្នស្នាក់នៅ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយរហូតមកដល់វេលាម៉ោង៥ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះគាត់ក៏បានស្លាប់បាត់ហើយ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលហេតុការណ៍នេះ បានកើតឡើងគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1GM-1636 ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ពីលិចទៅកើត ខណ:ពេល មកដល់ត្រង់ចំណុច កើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យជិះម៉ូតូ១គ្រឿង ដេញតាមពីក្រោយរួចក៏បានធ្វើសកម្មភាព ឆក់យកកាបូបនិងសម្ភារ:មួយចំនួន នៅជាប់នឹងខ្លួនជនរងគ្រោះ បណ្ដាលឲ្យដួលម៉ូតូបោកទៅនឹងថ្នល់ផុងលលាដ៍ក្បាលរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

បើតាមក្រុមគ្រួសារជនរងគ្រោះ បាននិយាយថា ពួកគាត់បានទទួលដំណឹង ពេលដែលជនរងគ្រោះ ត្រូវចោរឆក់កាបូបបណ្ដាលឲ្យដួលរងរបួសធ្ងន់នេះ ពីសំណាក់អ្នកបោសសម្អាតផ្លូវ ដែលបានឃើញហេតុការណ៍ផ្ទាល់ ។ បន្ទាប់មកពួកគាត់ក៏បាននាំគ្នាធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ខណ:ដែលបញ្ជូនជនរងគ្រោះ ដើម្បីសង្រ្គោះបន្ទាន់ ។

ពេលនោះក្រុមគ្រូពេទ្យបានស្គែនក្បាលមើល ឃើញបែកផុងលលាដ៍ ហើយជនរងគ្រោះបានសន្លប់អត់ដឹងខ្លួន ចាប់តាំងពីពេលកើតហេតុរហូតដល់ថ្ងៃស្លាប់នេះ ។

ប្រភពដដែលបានបន្តទៀតថា ប្អូនគាត់រងគ្រោះដោយសារតែចោរឆក់កាបូប យកលុយអស់ជាង១ពាន់ដុល្លារ បែរជាមានអ្នកនិយាយបំភ្លៃការពិតថា ប្អូនគាត់ត្រូវជនសង្ស័យឆក់មែន បណ្តាលឲ្យដួល ហើយត្រូវរថយន្តកិន ហើយបានដោះស្រាយសំណង២ពាន់ដុល្លារបញ្ចប់រឿងទៅវិញ ។ ប៉ុន្តែពួកគាត់ពុំបានទទួលសំណងអីនោះទេ ព្រោះការស្លាប់នេះដោយសារតែចោរឆក់កាបូប បណ្ដាលឲ្យដួលពិតមែន គឺមិនមែនរថយន្តកិននោះទេ ទន្ទឹមនិងនេះពួកគាត់ក៏បានលើកដៃសំពះ សុំឲ្យនគរបាលខណ្ឌពោធិ៍សែនជ័យ ជួយស្រាវជ្រាវចាប់ខ្លួនក្រុមចោរឆក់ ទាំងនោះមកផ្ដន្ទាទោសផង ។

បើតាមការបញ្ជាក់និងលួចខ្សឹបពីប្រជាពលរដ្ឋ បានប្រាប់មកដល់អ្នកសារព័ត៌មានយើងថា នាពេលកន្លងមក មូលដ្ឋានខណ្ឌពោធិ៍សែនជ័យ គឺមានតែរឿងមិនចេះចប់ដូចជាករណីឆក់ប្លន់មិនដែលឃើញកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបឲ្យបានទាន់ហេតុការណ៍ ដែលបានកើតឡើងនោះម្ដងណាឡើយ ហេតុដូច្នេះហើយប្រជាពលរដ្ឋ សូមមិនបញ្ចេញឈ្មោះបានបន្តទៀតថា សូមឲ្យថ្នាក់ដឹកនាំមេត្តាជួយពង្រឹង និងទប់ស្កាត់ទង្វើដែលកើតមានរបស់ភូមិ-ឃុំមានសុវត្ថិភាព ដើម្បីកុំឲ្យមានចោរកម្ម កើតឡើងនៅក្នុងភូមិសាស្ត្រទឹកដី ខណ្ឌពោធិ៍សែនជ័យនេះបន្តទៀត ដើម្បីសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋផងដែរ ៕

មតិយោបល់