ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ករណីឆក់

ភ្នំពេញ: នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨​និង៤៥នាទីយប់ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ លោកវរសេនីយ៍ទោ ទូច រិទ្ធី នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានជិះល្បាតម្តុំបឹងត្របែក ផ្លូវ១០៥ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូចំនួន០១គ្រឿង ម៉ាក ហុងដាឌ្រីមសង់១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FE-3884 ធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះជិះម៉ូតូ ២នាក់ប្តីប្រពន្ធតែមិនបានសម្រេច ពេលនោះកម្លាំងជំនាញ ធ្វើការប្រដេញរហូតដល់ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ទើបធ្វើការឃាត់ខ្លួន។

ជនសង្ស័យទី១៖ ឈ្មោះ សុខ ពៅ ភេទប្រុស អាយុ១៧ឆ្នាំ និងទី២៖ ឈ្មោះ ម៉េង សុខជុង ភេទប្រុស អាយុ១៩ឆ្នាំ ។ ដកហូតមធ្យោបាយធ្វើសកម្មភាព ម៉ូតូ០១គ្រឿង ម៉ាក ហុងដាឌ្រីមសង់១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE-3884 ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាំមកកាន់នាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់