ព័ត៌មានជាតិ

ស្គម តែដុះក្បាលពោះ…អាចកែបានដោយទង្វើខាងក្រោម

តើអ្នកណា មានសភាវរាងកាយបែបហ្នឹងខ្លះ? ពេលថ្លឹង អាចនឹងមានទម្ងន់ខ្លួនទាបជាងកម្រិតស្តង់ដា តែហេតុអីបានមានក្បាលពោះ?

ការពិតទៅ អ្នកអាចត្រូវបានចាត់ទៅក្នុងក្រុមមនុស្ស “Skinny Fat” គឺមនុស្សមានទម្ងន់ខ្លួនតិច ឬប្រក្រតី តែបែរជាមានសាច់ដុំតិច ខ្លាញ់ច្រើន មើលរូបរាងខាងក្រៅទៅ មិនមែនជាមនុស្សធាត់ទេ តែមានដុះក្បាលពោះ?

 

មូលហេតុរបស់ការស្គម តែមានក្បាលពោះនេះ បណ្ដាលពីបច្ច័យជាច្រើន ដូចជា៖

១. ការអត់អាហារ ឬការទទួលទានអាហារតិចជ្រុលពេក

ដោយសារតែការទទួលទានអាហារតិចជ្រុលពេក នឹងធ្វើឱ្យរាងកាយខ្វះសារធាតុអាហារ ទើបបឺតយកជាតិខ្លាញ់មកប្រើ តែនៅពេលដល់កំណត់ រាងកាយក៏នឹងប្ដូរ ទៅទាញសាច់ដុំ មកប្រើជំនួសវិញ និងនៅពេលសាច់ដុំថយចុះ នឹងធ្វើឱ្យប្រព័ន្ធការដុតបំផ្លាញធ្លាក់ចុះទាបទៅតាមនោះដែរ។

 

វិធីកែ គឺទទួលទានអាហារឱ្យច្រើនឡើង ជាពិសេសអាហារដែលផ្ដល់កម្លាំងថាមពល និងត្រូវហាត់ប្រាណរួមជាមួយផង ដើម្បីបន្ថយខ្លាញ់ដែលប្រមូលសន្សំច្រើន។

 

២. ហាត់ប្រាណខុសវិធី ឬហាត់ប្រាណបែប Cardio ច្រើនជ្រុលពេក

ទោះជាការហាត់ប្រាណបែប Cardio ដូចជា ការរត់ ធាក់កង់ វាយបុក រាំអ៊ែរ៉ូប៊ិក ឌែនស៍-ល- មានផលល្អចំពោះរាងកាយក៏ពិតមែន តែបើធ្វើច្រើនរហូតជ្រុលពេក ក៏អាចកើតផលអាក្រក់ដល់រាងកាយបានដែរ ព្រោះការហាត់ប្រាណបែប Cardio ច្រើនជ្រុលពេក នឹងក្លាយជាការបង្ខំដុតបំផ្លាញកម្លាំងថាមពល ហើយបើយើងទទួលទានអាហារតិចទៀតផងនោះ នឹងធ្វើឱ្យរាងកាយនាំសាច់ដុំ ទៅប្រើជាកម្លាំងថាមពលជំនួសវិញ និងនៅពេលរាងកាយបាត់បង់បណ្ដុំសាច់ដុំ ប្រព័ន្ធដុតបំផ្លាញក៏នឹងថយចុះ ធ្វើឱ្យជាតិខ្លាញ់កាន់តែប្រមូលសន្សំច្រើនឡើង ហេតុនេះទើបជាមូលហេតុ ធ្វើឱ្យមានរូបរាងស្គម តែទៅជាមានក្បាលពោះទៅវិញ។

 

វិធីកែ គឺចូរងាកមកហាត់ប្រាណដោយការលេង Weigth Trainning, Body Weigth ឬការហាត់ប្រាណបែប HIIT (High Intensive Interval Trainning) គួបផ្សំទៅជាមួយផង ព្រោះការហាត់ប្រាណដោយវិធីនេះ នឹងទៅជួយបង្កើនបណ្ដុំសាច់ដុំ ធ្វើឱ្យប្រព័ន្ធការដុតបំផ្លាញធ្វើការខ្លាំងឡើង ហើយខ្លាញ់ដែលប្រមូលសន្សំនោះ ក៏នឹងថយចុះទៅតាមនោះដែរ។

 

៣. ញ៉ាំស្រា ក៏មានចំណែករួមដែរ

មានការសិក្សាស្រាវជ្រាវជាច្រើន ដែលបានរកឃើញថា គ្រឿងភេសជ្ជ:អាល់កុល ដូចជា ស្រាបៀរ ស្រាវីស្គី វ៉ុដកា ខក់ថេល ឬវ៉ាញ សុទ្ធតែហុចផល ឱ្យមានជាតិខ្លាញ់ប្រមូលសន្សំនៅត្រង់ប្រអប់ពោះច្រើនជាពិសេសទាំងអស់។ រឹតតែយើងញ៉ាំច្រើនប៉ុនណា ឱកាសដែលខ្លាញ់ នឹងចូលទៅប្រមូលផ្ដុំនៅត្រង់បរិវេណចង្កេះ ក៏រឹតតែមានច្រើនឡើងដូចគ្នាដែរ។

 

៤. ញ៉ាំអាហារគ្មានប្រយោជន៍ជាប្រចាំ

ទោះជាយើងខំគ្រប់គ្រង់លើការហូបអាហារហើយក្ដី តែការដែលយើ ងនៅតែចូលចិត្តញ៉ាំនំ ឬបង្អែម ឬអាហារដែលមានជាតិខ្លាញ់ច្រើន ឧទាហរណ៍ដូចជា នំឃុកគី នំខេក ដូណាត់ ភីហ្សា អៃស្រ្គីម-ល- ក៏ធ្វើឱ្យដុះក្បាលពោះបានដែរ ព្រោះអាហារទាំងអស់នេះ ច្រើនតែមានខ្លាញ់ថ្រានស៍(Trans)ច្រើនណាស់ ហើយជាតិខ្លាញ់មួយនេះឯង ដែលហុចផលឱ្យក្បាលពោះ វាមិនបាត់ទៅណានោះ។

មានការសិក្សាស្រាវជ្រាវមួយ បានរកឃើញថា ការទទួលទានខ្លាញ់ត្រានស៍ជាប្រចាំ នឹងហុចផលឱ្យជាតិខ្លាញ់ប្រមូលសន្សំនៅត្រង់ក្បាលពោះច្រើនឡើង ទោះជាបរិមាណកាឡូរី ជារួម មិនបានខ្ពស់ក៏ដោយ។

 

វិធីបញ្ចុះក្បាលពោះ

– ផ្លាស់ប្ដូរទង្វើការហូបចុក ចៀសវាងការទទួលទានអាហារផ្អែមៗ អាហារហ្វាសត៍ហ៊្វូដ ដោយជ្រើសរើសទទួលទានអាហារដែលមានប្រយោជន៍ មានគុណតម្លៃខាងភោជនាហារខ្ពស់ តែផ្ដល់កម្លាំងថាមពលទាប។ សង្កត់ធ្ងន់លើអាហារដែលមានប្រូតេអ៊ីនជាចម្បង ដើម្បីជួយបង្កើនសាច់ដុំ។ ទទួលទានបន្លែ និងផ្លែឈើ បន្ថយបរិមាណខាបូហាយដ្រេត ចុះពាក់កណ្ដាល ដោយបែរមកជ្រើសរើសទទួលទាន បាយអង្ករសម្រូប ឬនំប៉័ងហូលវីត ជាដើម និងទទួលទានខ្លាញ់ល្អ ដូចជាប្រេងម្កាក់ អាវ៉ូខាដូ សណ្ដែក ត្រីសាល់ម៉ុន ជាដើម ក្នុងចំណែកដែលសមរម្យ ដែលរាងកាយគួរបានទទួលរៀងរាល់ថ្ងៃ។

– បង្កើនការសាងសាច់ដុំ ដោយការហាត់ប្រាណ ដូចជា ការលេង Weigth Trainning, Body Weigth ឬការហាត់ប្រាណបែប HIIT (High Intensive Interval Trainning) ព្រោះវានឹងជួយឱ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់បានច្រើនឡើង៕

 

 

មតិយោបល់