ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូលឿនបុករថយន្ត នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យដួលរងរបួសម្នាក់

ភ្នំពេញ: នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ម៉ូតូហុងដាឌ្រីម បើកបោះពួយយ៉ាងលឿន ខ្វះខាតការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត FORDRAPTER មួយគ្រឿង បើកឆ្លងកាត់ផ្លូវបំបែកជាបួនបណ្តាលឲ្យរងការខូចខាត ទាំងសងខាង ត្រង់ចំណុចក្បែរផ្សារក្រមួន តាមបណ្ដោយផ្លូវ១០០៧ កែងនិងផ្លូវ១៩៨០ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក FORDRAPTER ពណ៌ស ពាក់ស្លាកលេខកម្ពុជា CDR-NONG ធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៧ ទិសដៅពីត្បូងទៅជើង ។ លុះដល់ចំណុចកើតហេតុ រថយន្តបានបើកឆ្លងកាត់ផ្លូវ១៩៨០ ពេលឆ្លងបានពាក់កណ្ដាល ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1C-7577 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ១៩៨០ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន នៅផ្លូវបែកជាបួន ម៉ូតូបានជ្រុលទៅបុករថយន្តពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតបែកកញ្ចក់ និងក្រពឹតទ្វារផ្នែកខាងមុខចំហៀងខាងឆ្វេង ។ ចំណែកឯម៉ូតូបានរងការខូចខាតវៀចកង់ខាងមុខ និងអ្នកបើកបរម៉ូតូរងរបួសស្រាល ។ បន្ទាប់មកក៏មានវត្តមានសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ ។

នៅក្រោយពេលកើតហេតុ ក៏មានតំណាងខាងម៉ូតូ បានចូលខ្លួនមកធ្វើចរចាដោះស្រាយគ្នា ជាមួយខាងរថយន្តដោយម្ចាស់រថយន្ត បានទាមទារសំណងចំនួន៦០០ដុល្លារ តែភាគីខាងម៉ូតូបានសុំបញ្ចុះតម្លៃ ព្រោះមានលទ្ធភាពត្រឹមតែ២០០ដុល្លារដោយមិនចង់មាន រឿងវែងឆ្ងាយ ភាគីខាងរថយន្តព្រមយកសំណងចំនួន២០០ដុល្លារពីភាគីខាងម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់