ព័ត៌មានជាតិ

ឃាត់ខ្លួនពលករចំនួន ២១នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

កម្លាំងអន្តរាគមន៍វរសេនាតូចថ្មើរជើងលេខ៥១៣ ចំណុះកងពលតូចថ្មើរជើងលេខ៥១ នាយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានសហការជាមួយកម្លាំងនគរបាលព្រំដែនគោកលេខ៨១៥ ធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ចំនួន២១នាក់ ស្រី ១០នាក់ ប្រុស ១១នាក់ និងកុមារ ១នាក់ នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅត្រង់ចំណុច ភូមិឈើទាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។

សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលជាសហគមន៍ កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លើទាំង ៣ ទិសក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និងទិសម៉ាឡៃ សហការជាមួយកម្លាំងនៅតាមមូលដ្ឋាន ចេញល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំ ក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់។

ក្រោយពីឃាត់ខ្លួន បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានទាំងអស់គ្នា និងបានប្រគល់ពួកគាត់អោយទៅនគរបាលព្រំដែនគោកលេខ៨១៥ សាកសួរនិងចាត់ការទៅតាមផ្លូវច្បាប់៕

 

មតិយោបល់