ព័ត៌មានជាតិ

រថយន្ត​២គ្រឿង​បុកគ្នា​ធ្លាក់ចូល​ក្នុង​ប្រឡាយរងការខូចខាតធ្ងន់

រថយន្តដឹកស៊ីម៉ងត៍បេីកលឿនជ្រុលបុករថយន្តដឹកស៊ីម៉ងត៍ដូចគ្នាបណ្តាលឱ្យក្រឡាប់ធ្លាក់ចូលប្រឡាយគរលេីគ្នារងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ ៣ ចំណុចភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តដឹកសុីម៉ងត៍ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត 3A-0688 បើកបរតាមបណ្តោយជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានឈប់ចតចិញ្ចើមផ្លូវ អ្នកបើកបរចុះបត់ជើង ស្រាប់តែមានរថយន្តបង្ក ដឹកសុីម៉ងត៍ដូចគ្នា ម៉ាកហុីយ៉ាន់ ពណ៌ក្រហម ពាក់ស្លាក​លេខ ព្រះសីហនុ 3A-2768 សណ្តោងរុឺម៉ក ស្លាកលេខ ព្រះសីហនុ 4A-2124 បើកពីត្បូងទៅជើង សង្ស័យអ្នកបើកបរងងុយដេក ទើបជ្រុលចង្កូតទៅបុកពីក្រោយ បណ្តាលឱ្យក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹកទាំង២គ្រឿងគរលើគ្នា សំណាងល្អ មនុស្ស២នាក់ ប្រុស១នាក់ ស្រី១នាក់ ខាងរថយន្តបង្ក មិនមានរងរបួស លូនចេញ ហើយឡើងជិះម៉ូតូឌុបចាកចេញទៅបាត់។

ក្រោយកើតហេតុ មកដល់ព្រឹកថ្ងៃដដែល ទើបឃើញថៅកែរថយន្តសងខាង មកពិនិត្យមើលជាក់ស្តែង និយាយគ្នា ដោយខាងរថយន្តបង្កចេញសងថ្លៃខូចខាត ទាំងសុីម៉ងត៍ ទាំងរថយន្ត រួចស្ទូចលើកយករថយន្តចេញ ដោយមិនឱ្យសមត្ថកិច្ចខ្វល់ឡើយ៕

មតិយោបល់