បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២0២២ នៅវេលាម៉ោង១៦ និង០៥នាទី ត្រង់ចំណុចមុខផ្សាស្រុកសំពៅលូន ស្ថិតនៅភូមិអូរស្ងាត់ ឃុំសន្ដិភាព ស្រុកសំពៅលូន ខេត្ដបាត់ដំបង លើផ្លូវជាតិលេខ ៥៧ B មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ដនិងម៉ូតូ បណ្តាលអោយមនុស្សចំនួន២នាក់ស្លាប់បាត់បង់ជីវិត ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានរាយការណ៍ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះបង្កឡើងដោយរថយន្តថៃសណ្ដោងរ៉ឺម៉កម៉ាកស្គែននា ពណ៌ស ពាក់ស្លាកលេខ 70-9203 ស្លាកលេខសណ្ដោង 70-9204 អ្នកបើកបរ មិនស្គាល់អត្ដសញ្ញណបានរត់គេចខ្លួនបាត់ បានបុកនឹងម៉ូតូម៉ាកស៊ុយសុគី ពណ៌ស អត់ស្លាកលេខ ដែលបើកបរដោយឈ្មោះ ផន ធារ៉ា ភេទប្រុស អាយុ២0ឆ្នាំ មានទីលំនៅ ភូមិត្រពាំងព្រលិត ឃុំសន្ដិភាព ស្រុកសំពៅលូន ខេត្ដបាត់បង (ស្លាប់នៅនឹងកន្លែងកើតហេតុ) នឹងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ពេជ្រ សុខុម ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូ ខេត្ដបាត់ដំបង (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
ក្រោយពីធ្វើការត្រួតពិនិត្យ និងវាស់វែងរួចរាល់កម្លាំងជំនាញចរាចរណ៍ ស្រុកសហការជាមួយកម្លាំងនគរបាលជំនាញចរាចរណ៍ខេត្ត ឃើញថាគ្រោះថ្នាក់ខាងលើនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូឡើងវ៉ា ( ជែង ) នឹងរថយន្ដថៃក្នុងដំណើរស្របទិសគ្នាហើយវេចង្កូតដួលហើយខ្ទាតទៅចូលនឹងរថយន្ដថៃដែលធ្វើដំណើរព្ច្រាសទិសគ្នា ។
ករណីនេះ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកធ្យោបាយបង្កទាំងពីរកម្លាំងជំនាញ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត រង់ចាំចំណាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់