ព័ត៌មានសិល្បៈ និងកម្សាន្ត

បវរកញ្ញា ៤រូបរះឡើង ក្នុងឈុតរ៉ូបខ្មៅ ខណៈមហាជនមានចម្ងល់ខ្លាំង ព្រោះអវត្តមានម្នាក់

(ភ្នំពេញ)៖ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងកម្មវិធីបង្ហាញមុខ និងជួបជុំបវរកញ្ញាឯកចក្រវាលកម្ពុជា មហាជន និងអ្នកនិយមតាមដានគាំទ្រវិស័យមួយនេះ បានផ្ទុះការភ្ញាក់ផ្អើល និងងើយឆ្ងល់ជាខ្លាំង ក្រោយបានឃើញរូបថតប៉ុន្មានសន្លឹកដែលមានវត្តមានបវរកញ្ញាឯកចក្រវាលកម្ពុជា៤ជំនាន់ ប៉ុន្តែបែរជាមិនឃើញមានវត្តមានកញ្ញា ប៊ី សុធារី ដែលជាបវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៧ និងជាបេក្ខនារីតំណាងឲ្យកម្ពុជាដំបូងទៅវិញ។

ជាក់ស្តែងនៅក្នុងរូបថតប៉ុន្មានសន្លឹកនោះ គេឃើញមានវត្តមានកញ្ញារឿនណាត បវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៨ កញ្ញា សំណាងអេលីណា បវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៩ កញ្ញារ៉េត សារីតា បវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២០ ព្រមទាំងកញ្ញា ងិន ម៉ារ៉ាឌី បវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២១ នៅក្នុងឈុតពណ៌ខ្មៅ និងលម្អដោយគ្រឿងអលង្ការដ៏ស្រស់ស្អាត ប៉ុន្តែបែរជាមិនឃើញមានវត្តមានរបស់កញ្ញាប៊ី សុធារី ដែលជាបវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៧ទៅវិញ។

យ៉ាងណាមិញ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុនៅពីក្រោយការអវត្តមានរបស់កញ្ញាប៊ី សុធារីទេ ស្របពេលដែលអ្នកគាំទ្រវិស័យមួយនេះជាច្រើនបានផ្ទុះការងើយឆ្ងល់ជាខ្លាំង៕

មតិយោបល់