ព័ត៌មានជាតិ

ក្រុមប្រឹក្សាឃុំម្នាក់ជិះម៉ូតូបត់ចូលផ្ទះ ត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ

តាកែវៈ នៅថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៧និង០៥នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៩១-៩២ ក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងម៉ូតូនិងរថយន្ត ក្នុងទិសដៅស្របទិសគ្នា បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ ជាក្រុមប្រឹក្សាឃុំស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1A-0988 បើកបរដោយឈ្មោះ អ៊ុ ស៊ាន់ ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរក្រុមប្រឹក្សាឃុំគុស នៅភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) គ្មានពាក់មួកសុវត្ថិភាព ដែលបើកបរមកពីទិសខាងកើត ។ លុះបើកបរមកដល់ចំណុចខាងលើ ក៏បានបត់ឆ្វេងឆ្លងផ្លូវដើម្បីចូលផ្ទះ ក៏ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់អត្តសញ្ញាណ មកពីក្រោយបានបុកម៉ូតូខាងលើ ចំពីចំហៀងខាងឆ្វេងពេញមួយទំហឹងតែម្តង ហើយបានបើកបរគេចខ្លួនទៅទិសខាងលិចបាត់ ។ មូលហេតុបណ្តាលមកពីការបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ។

ហេតុការណ៍ខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី និងបានប្រគល់សពជូនដល់សាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូខាងលើរងការខូចខាតធ្ងន់ ហើយត្រូវបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រាំកក់ ៕

មតិយោបល់