ព័ត៌មានជាតិ

បែនដឹកខ្សាច់ហ្វ្រាំងមិនជាប់ជ្រុលបុករះរថយន្ត ៣គ្រឿង រងខូចខាតទាំងព្រឹក នៅខណ្ឌសែនសុខ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយ រថយន្តប្រភេទកដឹកខ្សាច់មួយគ្រឿង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជាន់ហ្វ្រាំងមិនជាប់ជ្រុលទៅបុករះរថយន្តខាងមុខ ៣គ្រឿង ជាបន្តបន្ទាប់ បណ្តាលឲ្យរងខូចខាតដំណំ កាលពីវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ តាមផ្លូវហាណូយ ខាងមុខសាខាពន្ធដាខណ្ឌសែនសុខ ចំណុចភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាក MITSUBISHI ពណ៌ស ប្រភេទ យីឌុប បែន ពាក់ផ្លាកលេខ ភ្នំពេញ 3A- 8509 ដឹកខ្សាច់ ហូរកក្លាក់តាមផ្លូវ បើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ដោយសារហ្វ្រាំងមិនជាប់ ជាន់មិនស៊ី ក៏ជ្រុលទៅកៀររថយន្ត ស្តារិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BC- 2497 ជារថយន្តឈ្នួល ព្រៃវែង–ភ្នំពេញ កំពុងបើកស្របទិស រុញទៅបុកកៀរ រថយន្ត ISUZU ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2S-8640 និងបន្តទៅកៀររថយន្តមួយគ្រឿងទៀត ម៉ាកព្រុស ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2W-0125 បើកស្របទិសគ្នាទាំងអស់ បណ្តាលឲ្យរងខូចខាតដំណំ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលឲ្យរថយន្ត ៣គ្រឿង ទទួលរងខូចខាត សមត្ថកិច្ចចុះទៅពិនិត្យ យករថយន្តទាំងអស់ទៅរក្សាទុក រង់ចាំថៅកែមកដោះស្រាយជាក្រោយ ៕

មតិយោបល់