ព័ត៌មានជាតិ

រថយន្តសាំយ៉ុងបើកលឿនរេចង្កូត ជ្រុលបុកហ៊ីយ៉ាន់ដាយចតចោលអូស២០ម៉ែត្រ រងរបួសធ្ងន់ព្រូឡានម្នាក់

ភ្នំពេញៈ រថយន្តសាំយ៉ុងបើកក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយ ចតចោលអូស២០ម៉ែត្រ ខូចខាតយ៉ាងដំណំ និងរងរបួសធ្ងន់យុវជនម្នាក់ជាព្រូឡាន ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង០៤និង១០នាទីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២ ចំណុចលើចិញ្ចើមផ្លូវ ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A 5110 បើកបរដោយបុរសម្នាក់ រួមដំណើរដោយយុវជនម្នាក់ជាព្រូឡាន ។ ចំណែករថយន្តរងគ្រោះដែលចតចោលលើចិញ្ចើមផ្លូវម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រសីហនុ 2A 8815 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបង្ក បានបើកពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុ មិនដឹងជាមានបញ្ហាអ្វីទេ ស្រាប់តែរេចង្កូតមកស្តាំដៃ ជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយ ដែលចត់ចោលអូសទៅមុខប្រមាណ២០ម៉ែត្រ បណ្តាលឱ្យរថយន្តទាំងពីគ្រឿង ខូចខាតយ៉ាងដំណំ ឯព្រូឡានសាំយ៉ុងរងរបួសជើងស្តាំធ្ងន់ធ្ងរសង្ស័យបាក់ ។

ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែករថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋាន ប្រគល់ឱ្យការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើមចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់