ព័ត៌មានជាតិ

ជនជាតិចិន០២នាក់ជិះលើម៉ូតូកង់បី ត្រូវជនសង្ស័យឆក់ទូរស័ព្ទដៃ បណ្តាលឲ្យក្រឡាប់រងរបួស

ភ្នំពេញៈ នៅវេលាម៉ោង០២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ មានជនសង្ស័យ០២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ Iphone13pro បុរសជនជាតិចិនម្នាក់ កំពុងជិះលើម៉ូតូកង់បីមួយគ្រឿង មិនបានសម្រេច បណ្តាលឲ្យក្រឡាប់ម៉ូតូកង់បីរងរបួស ទីតាំងកន្លែងកើតហេតុ ស្ថិតត្រង់ចំណុចមុខផ្សារទឹកថ្លា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ អ្នកបើកម៉ូតូកង់បីមួយគ្រឿងម៉ាកបាចា ពណ៌ស ពាក់ស្លាកលេខតាកែវ 1R-9637 បានបើកដឹកបុរសជនជាតិចិន០២នាក់ចេញពីម្តុំស្ពានអាកាស៧មករា ហើយទៅម្តុំជម្ពូវ័នធ្វើដំណើរតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ។ លុះពេលលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ០២នាក់ ជិះម៉ូតូមួយគ្រឿងតាមពីក្រោយរួចជនសង្ស័យម្នាក់អង្គុយខាងក្រោយ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក Iphone13pro ពីជនជាតិចិនម្នាក់ ដោយឃើញដូច្នេះអ្នកបើកបរម៉ូតូកង់បី បានព្យាយាមកាច់ចង្កូតម៉ូតូកង់បីទៅខាងស្ដាំគេចពីជនសង្ស័យ បណ្តាលឲ្យក្រឡាប់ម៉ូតូកង់បីរងការខូចខាត និងរងរបួសស្រាលជនជាតិចិនទាំងពីរនាក់នោះឯជនសង្ស័យធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃនោះមិនបានសម្រេចទេ រួចក៏បន្ថែមល្បឿនជិះម៉ូតូដើម្បីគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកអន្តរាគមន៍ នាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីស្រាវជ្រាវចាប់ជនសង្ស័យ ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់