ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចពីរខេត្តសហការគ្នា បង្រ្កាបមុខសញ្ញាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចម៉ូតូ

សៀមរាប: នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៨ និង៣០នាទីព្រឹក យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី អ៊ុ ចម្រើន ស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកស្វាយលើ ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងប្រគល់ជូនកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ។

លោកឧត្តមសេនីយ៍ត្រីស្នងការរង ទទួលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយលើបានបង្រ្កាបករណី អំពើលួចម៉ូតូ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ វុន រឿន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិទទឹងថ្ងៃ ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប លើជនរងគ្រោះឈ្មោះ យន ធារី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដែលកើតហេតុនៅអគារក្បែរមន្ទីរពេទ្យ ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។

ជនសង្ស័យបានកាច់សោកម៉ូតូ របស់ជនរងគ្រោះ ហើយបើកគេចពីខេត្តកំពត មកខេត្តសៀមរាប ហើយជនសង្ស័យបានរកលក់ម៉ូតូនោះ តែត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ជនសង្ស័យ រួមជាមួយវត្ថុតាងម៉ូតូចំនួន០១គ្រឿង ម៉ាក HONDA-DREAM ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ កាំបន្ទះ ស្លាកលេខ កែប 1B-0581 លេខតួលេខម៉ាស៊ីន 9561243 ។

តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។

ក្រោយពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចខេត្តសៀមរាបបានប្រគល់ជនសង្ស័យ និងវត្ថុតាងទៅសមត្ថកិច្ចខេត្តកំពត ដើម្បីអនុវត្តនីតិវិធីបន្ត ៕

មតិយោបល់