ព័ត៌មានជាតិ

Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធី iOS 15.3 និង macOS 12.2 ដើម្បីធ្វើការកែសម្រួលបញ្ហាសុវត្ថិភាពទាក់ទងទៅនឹងកម្មវិធី Safari

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាមានដូចជា iPhone និង MacBook ក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីកាលពីព្រឹកមិញនេះដើម្បីធ្វើការកែសម្រួលបញ្ហាសុវត្ថិភាព ដែលអាចធ្វើឱ្យទិន្នន័យទាក់ទងនឹងការប្រើប្រាស់កម្មវិធី Safari ដែលជាកម្មវិធីសម្រាប់ចូលទៅមើលគេហទំព័របែកធ្លាយ។

ភាពចន្លោះប្រហោងនេះអាចឱ្យជនខិលខូចធ្វើការវាយប្រហារដើម្បីលួចទាញយកប្រវត្តិរបស់កម្មវិធី Safari ដែលលោកអ្នកប្រើដើម្បីរុករកព័ត៌មាននៅក្នុងគេហទំព័រ។ មិនត្រឹមតែប៉ុណ្ណោះពួកគេក៏អាចទាញយកព័ត៌មានមួយចំនួនទៀតពីគណនី Google បានទៀតផង។ គួរបញ្ជាក់ផងដែរថា ភាពចន្លោះប្រហោងនេះត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញ និងផ្សព្វផ្សាយកាលពីពាក់កណ្ដាលខែមករាកន្លងទៅនេះ។

ខណៈពេលដែលភាពចន្លោះប្រហោងនេះមិនត្រូវបានប្រើក្នុងការវាយប្រហារជាលក្ខណៈទ្រង់ទ្រាយធំនៅឡើយក្ដី ប៉ុន្តែអ្នកប្រើប្រាស់គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធី iOS និង macOS ឱ្យបានឆាប់រហ័សដោយសារតែភាពងាយរងគ្រោះពីបញ្ហានេះ ដោយចូលទៅក្នុង Settings > General > Software Update ព្រោះយើងមិនអាចដឹងថាកម្មវិធីមេរោគអ្វីខ្លះទៀតអាចលេចឡើងដោយប្រើភាពចន្លោះប្រហោងនេះ ក្នុងពេលអនាគត៕

 

ប្រភព៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

មតិយោបល់