ភ្នំពេញៈ នៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នារីម្នាក់បើករថយន្តតូយ៉ូតាព្រូស មួយគ្រឿង ក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតធ្លាក់ចូលក្នុងប្រឡាយបឹងតាមោក លិចទៅក្រោម បានប្រជាពលរដ្ឋជួយសង្រ្គោះ ស្ថិតតាមបណ្តោយផ្លូវលេខ១៥១ ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ដំណើរនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ គេបានឃើញនារីម្នាក់បើកបររថយន្តម៉ាកតូយ៉ូតាព្រូស មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BN-1047 បើកបរធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៥១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ។ លុះពេលធ្វើដំណើរមកដល់ ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តនោះ បានរេចង្កូតមកខាងស្តាំដៃធ្លាក់ចូលលិចទៅក្នុង ប្រឡាយបឹងតាមោក ។ ភ្លាមៗនោះបាន ប្រជាពលរដ្ឋឃើញទាន់ ចុះទៅជួយនិងវាយកញ្ចក់រថយន្ត បំបែកពីខាងក្រោយជួយសង្រ្គោះ មកលើគោកដឹកយកទៅមន្ទីរពេទ្យ ហើយបានរាយការណ៍ជូនទៅកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ។
បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់បានហៅរថយន្តមកស្ទូចយករថយន្តព្រូសទៅរក្សាទុក ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគបាល ខណ្ឌព្រែកព្នៅ ដើម្បីរង់ចាំម្ចាស់ទៅទទួលយក ៕










មតិយោបល់