សៀមរាប ៖ លោកជំទាវ Michelle Obamaស្ត្រីទី១របស់សហរដ្ឋអាមេរិក និងជាភរិយារបស់លោកប្រធានាធិបតី
សហរដ្ឋអាមេរិក ( OBAMA )ក្នុងឱកាសនៃការបង្ហាញវត្តមាននៅលើទឹកដីនៃក្រុងអង្គរ ខេត្តសៀមរាប ដែនដីប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា លោកស្រី Michelle Obama ត្រូវបានការទទួលស្វាគមន៍យ៉ាងរ៉ាក់ទាក់កក់ក្តៅបំផុតពីសំណាក់ស្ត្រីដំបូងនៃកម្ពុជា( សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន )ភរិយាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានរួមដំណើរជាមួយគ្នា ជួបសំណេះសំណាល ស្វែងយល់ដោយផ្ទាល់អំពីជីវិតសិក្សារបស់សិស្សស្រីក្រីក្រចំនួន១០រូប ដែលបានឆ្លងកាត់ការតស៊ូ ព្យាយាម រៀនសូត្រ ក្រោមការជួយជ្រោមជ្រែងដោយកម្មវិធីអប់រំកុមារីរបស់អង្គការ Room to Readនៅវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៥ នេះ ។ ដោយសមត្ថភាពដែលបានមកពីការខិតខំរៀនសូត្រ ក្មួយៗទាំង១១រូប បានថ្លែងនូវកិច្ចស្វាគមន៍ សូត្រកំណាព្យ និងរៀបរាប់អំពីជិវិតសិក្សារបស់ខ្លួន ជូនស្ត្រីទី១ ( លោកជំទាវ Michell Obama និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ) មិនចាំបាច់ប្រើប្រាស់អ្នកបកប្រែនោះឡើយ ។ ពួកគេនិយាយភាសាអង់គ្លេសបានយ៉ាងល្អ និងបកប្រែដោយខ្លួនឯង យ៉ាងស្ទាត់ជំនាញ ។ ក្មួយស្រី ម៉ៅ សាវឿន អាយុ១៩ឆ្នាំ និងក្មួយស្រី ឡន ភូណាម អាយុ១៨ឆ្នាំ តំណាងឲ្យសិស្សស្រីក្រីក្រ៨នាក់ផ្សេងទៀត បានថ្លែងនូវក្តីរំជួលចិត្ត ចំពោះវត្តមានរបស់ ស្ត្រីដំបូងរបស់សហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ដែលក្មួយៗសូមហៅអ្នកទាំងពីរថាជា អ្នកម៉ែ ។ ក្មួយស្រីបាននិយាយទៅកាន់អ្នកម៉ែទាំងពីរថា គឺពិតជាមិនហ៊ានស្រម៉ៃគិតនោះទេ ថាមានថ្ងៃនេះ ។ វត្តមានរបស់អ្នកម៉ែទាំងពីរ ពិតជាបានផ្តល់កិត្តិយសសម្រាប់សាលា សម្រាប់លោកគ្រូអ្នកគ្រូ និងសម្រាប់ខ្លួនគេផ្ទាល់ និងក្រុមកគ្រួសារផងដែរ ។ ជាមួយគ្នានេះក្មួយស្រី បានថ្លែងនូវការដឹងគុណផងដែរ ចំពោះអង្គការ Room to Read ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម របស់លោកជំទាវស្ត្រីដំបូងរបស់សហរដ្ឋអាមេរិក ( Michelle Obama ) ស្តីពីការជម្រុញនិងជួយឲ្យក្មេងស្រីបានចូលរៀនសូត្រ ( Let Girls Learn ) ។ ថ្លែងទៅកាន់ក្មេងស្រីយុវសិស្សក្រីក្រ ដែលទទួលបានជោគជ័យក្នុងជីវិតសិក្សាទាំង១០រូប និងថ្លែងជម្រាបជូន លោកជំទាវ Michelle Obama ស្ត្រីដំបូងរបស់សហរដ្ឋអាមេរិក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ស្ត្រីដំបូងនៃកម្ពុជា បានបង្ហាញថា៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទី២បច្ចុប្បន្ននេះ បានយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត សម្រាប់ស្ត្រីនិងក្មេងស្រីលើសមភាពអក្ខកម្មនិងយេនឌ័រនៅក្នុងវិស័យអប់រំ ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ថា ទស្សនៈបូរាណខ្មែរដែលរាំងខ្ទប់ក្មេងស្រីមិនឲ្យទទួលយកការរៀនសូត្រជ្រៅជ្រះ គឺកំណត់ទស្សនៈឲ្យក្មេងស្រីបំពេញកាតព្វកិច្ចត្រឹមតែជាមេផ្ទះនោះ ត្រូវបានកែប្រែឥរិយាបថ ១៨០% ។ បច្ចុប្បន្ននេះ ស្ត្រីខ្មែរទទួលបាននូវតម្លៃយេនឌ័រ និងផ្តល់តម្លៃឲ្យស្ត្រីខ្មែរ មានតួរនាទីយ៉ាងសំខាន់ ក្នុងជួរថ្នាក់ដឹកនាំប្រទេស ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តទៀតថា ៖ ក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានយកចិត្តទុកដាក់ពង្រឹងខឿនអប់រំសិក្សាធិការជាតិ ផ្តល់លទ្ធភាពឲ្យក្មេងស្រីបានចូលសិក្សារៀនសូត្រ ដូចជាការបំផុសឲ្យមាតាបិតា អាណាព្យាបាលទាំងឡាយ នាំកូនគ្រប់អាយុចូលរៀន ឲ្យទៅចុះឈ្មោះចូលរៀនដោយឥតបង់ថ្លៃគ្រប់ៗគ្នា ការអនុវត្តគោលនយោបាយសាលារត់រកសិស្ស តាមរយៈនៃការកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំ គឺសាលារៀនឲ្យបានខិតចូលជិតផ្ទះប្រជាពលរដ្ឋ ភូមិមួយត្រូវមានសាលាបឋមសិក្សា១កន្លែង ឃុំមួយត្រូវមាន អនុវិទ្យាល័យ១កន្លែង និងស្រុកមួយ ត្រូវមានវិទ្យាល័យ ១កន្លែង ជាដើម ។ល។ ស្ត្រីដំបូងរបស់សហរដ្ឋអាមេរិក ( លោកជំទាវ Michelle Obama ) បានថ្លែងថា ៖ វាពិតជាមានការលំបាកខ្លាំងណាស់ ដែលកន្លងមក កូនៗ បានព្យាយាម តស៊ូ ឆ្លងកាត់ឧបស័គ្គដើម្បីជោគជ័យនៃជីវិតសិក្សារបស់ខ្លួន តែកូនៗអាចធ្វើបាន នេះវាជាបទពិសោធន៍ក្នុងជីវិតសិក្សារបស់កូនៗ ហើយសូមកូនៗត្រូវយកបទពិសោធន៍នេះ ដឹកដៃរបស់ប្អូនៗជំនាន់ក្រោយ ឆ្ពោះទៅរកជោគជ័យ ដូចដែលកូនៗទទួលបាននៅពេលនេះ ។ លោកជំទាវ មានប្រសាសន៍ថា ៖ ដូចដែលកូនៗ បាននិយាយរួចមកហើយអីចឹង សហរដ្ឋអាមេរិកនៅឆ្ងាយពីកូនៗ លោកជំទាវមិននឹកស្មានដល់ថា លោកជំទាវមានថ្ងៃនេះ ថ្ងៃដែលបានដឹងអំពីការខិតខំរបស់កូនៗ ប្រកបដោយការជឿជាក់ និងមានការប្តេជ្ញាចិត្តខ្ពស់ ។ ជោគជ័យនៃជីវិតសិក្សារបស់កូនៗ វានឹងធ្វើដំណើរទៅកាន់ទីផ្សេងទៀត ក្នុងប្រទេសកម្ពុជា និងទៅកាន់ពិភពលោក ព្រោះវាជាសម្លេងនៃការចែករំលែក បទពិសោធន៍ ។ អ្វីដែលត្រូវបានអង្រួនមនោសញ្ចេតនា របស់ស្រីទី១នៃសហរដ្ឋអាមេរិក និងស្ត្រីដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ឲ្យស្ថិតក្នុងក្តីរំជួលចិត្ត ជាមួយនឹងភាពកក់ក្តៅដែលកើតចេញពីការព្យាយាម តស៊ូ រៀនសូត្រពោរពេញដោយការជឿជាក់នោះ គឺសំនួររបស់កូនៗដែលសួរទៅកាន់អ្នកម៉ែទាំងពីរថា ៖ តើអ្នកម៉ែមានទឹកចិត្តយ៉ាងដូចម្តេច ពេលដែលបានដឹង បានឃើញនូវភាពជោគជ័យនៃជីវិតសិក្សារបស់កូន ? ចម្លើយ គឺ ម្តាយសប្បាយចិត្ត និងមានមោទនភាពចំពោះកូន សង្ឃឹមថាកូនៗ មានអនាគតល្អសម្រាប់ខ្លួនឯង និង គ្រួសារ ព្រមទាំងជាទំពាំងស្នងឬស្សី ជាសសរទ្រូងផ្តល់ការរីកចំរើនសម្រាប់សហគមន៍ និងប្រទេសជាតិ ៕
ព័ត៌មានជាតិ
មតិយោបល់