ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបក្ខពួក៣ នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបបានសម្រេច បណ្ដាលឱ្យជនរងគ្រោះដួលបោកក្បាលរបួសធ្ងន់ និងបានស្លាប់ពេលដែលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។
ការឃាត់ខ្លួនខាងលើ កាលពីវេលាម៉ោង១និង៤០ នាទីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ បានសហការជាមួយកម្លាំងផ្នែកជំនាញ នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះឃាត់មុខសញ្ញាជនសង្ស័យម្នាក់ នៅចំណុចផ្លូវរថភ្លើង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបបណ្ដាលឱ្យជនរងគ្រោះស្លាប់ពេលបញ្ជូនទៅសង្គ្រោះ) នៅឯមន្ទីរពេទ្យកើតហេតុកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ និងវេលាម៉ោង ៩និង៣០នាទីព្រឹក ទីតាំងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យដែលឃាត់បានខាងលើ មានឈ្មោះ ជុំ សុខបញ្ញា ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរជាសិស្ស លំនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៩ និង ៣០នាទីព្រឹក ជនរងគ្រោះឈ្មោះ អ៊ុក កន្និកា ភេទស្រី បានជិះម៉ូតូតែម្នាក់ឯងចេញពីផ្ទះនៅសង្កាត់ចោមចៅទី៣ ដោយធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតគោលបំណងចូលទៅទីក្រុងភ្នំពេញ លុះមកដល់មុខព្រលានយន្តហោះកន្លែងកើតហេតុ ស្រាប់តែមានក្រុមជនសង្ស័យមិនដឹងប៉ុន្មាននាក់ នោះទេបានធ្វើសកម្មភាពឆក់យក កាបូបក្រវាត់ចង្កេះពីជនរងគ្រោះបានសម្រេច បណ្ដាលឱ្យជនរងគ្រោះដួលម៉ូតូ ចំណែកអ្នកបើកបររងរបួសបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ រហូតមកដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ គឺជនរងគ្រោះបានស្លាប់បាត់បង់ជីវិតតែម្ដង ។
ការស្រាវជ្រាវរបស់សមត្ថកិច្ច រហូតមកដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ សហការជាមួយផ្នែកជំនាញយុត្តិធម៌ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជុំ សុខបញ្ញា មកសួរនាំនៅប៉ុស្តិ៍នឹងជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក៣នាក់ទៀត ជិះម៉ូតូម៉ាកហុងដាឌ្រីម២ គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះខាងលើ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ពិតប្រាកដមែនដោយបក្ខពួកទាំង៣នាក់នោះ រត់គេចខ្លួនបាត់អស់ហើយទី១-ឈ្មោះ អាហៀង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (រត់គេចខ្លួន) ។ ទី២-ឈ្មោះ អារ៉ា ភេទប្រុស អាយុ១៩ មុខរបរសិស្ស ឆ្នាំមានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (រត់គេចខ្លួន) ។ ទី៣-ឈ្មោះអាវីត ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (រត់គេចខ្លួន) ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ជុំ សុខបញ្ញា ត្រូវបានបញ្ជូនទៅផ្នែកជំនាញ ដើម្បីចាត់ការតាមនីតិវិធី និងស្វែងរកបក្ខពួកបន្ថែមទៀតយកមកផ្តន្ទាទោសតាមច្បាប់ ៕
មតិយោបល់