ព័ត៌មានជាតិ

រថយន្តហ្វតបើកលឿនបុករះម៉ូតូ០២គ្រឿង និងជ្រុលទៅបុកទម្លុះរបងប្រលានយន្តហោះ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ: នៅវេលាម៉ោង១២និង០០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាក ford renger មួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលទៅបុករះម៉ូតូ២គ្រឿងបណ្តាលឲ្យដួលរួចបន្តល្បឿន ទៅបុកទម្លុះរបង ចូលក្នុងប្រលានយន្តហោះពោធិ៍ចិនតុងទៅមុខលែងរួច ចំណុចទល់មុខប្រលានយន្តហោះពោធិ៍ចិនតុង ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅមុនកើតហេតុគេបានឃើញម៉ូតូ០២គ្រឿង មួយគ្រឿងម៉ាកធូដេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JC-5782 បើកបរដោយបុរសម្នាក់ និងមួយគ្រឿងទៀតម៉ាក zoomer x ពណ៌ក្រហម-លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FM-2162 ជិះឌុបគ្នា០២នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចមកកើតស្របទិសគ្នា ។ លុះធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តបង្កម៉ាក ford ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-3902 បើកបរតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ីស្របគ្នា ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន បានបុកម៉ូតូ០២គ្រឿង បណ្តាលឲ្យដួលខ្ទាតពេញផ្លូវ រួចរថយន្តបង្កហេតុបានបន្តល្បឿនទៅមុខបុករះទម្លុះរបង ចូលទៅក្នុងប្រលានយន្តហោះពោធិ៍ចិនតុង បណ្តាលឲ្យម្ចាស់ម៉ូតូ០២គ្រឿង រងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ ហើយភ្លាមៗនោះដែ តៃកុងរថយន្តបង្កបម្រុងនិងរត់តែត្រូវប្រជាពលរដ្ឋឃាត់បានប្រគល់ជូនសមត្ថកិច្ច ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ ចុះមកដល់ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូចយករថយន្តបង្កនិងម៉ូតូ២គ្រឿងទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់