ភ្នំពេញៈ ជនសង្ស័យមួយក្រុម ជិះម៉ូតូកង់បីដឹកគ្នាទៅធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ស្កុបពី បានសម្រេច នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញតាម ជនសង្ស័យម្នាក់បើកម៉ូតូកង់បី រត់គេចទៅដល់ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ តាមទាន់ ហើយទុកចោល រត់ផ្លោះរបង ឡើងហែកដំបូលផ្ទះ ចូលទៅសំងំក្នុងបន្ទប់ ខ្ទាស់គន្លឹះជាប់ សមត្ថកិច្ច ប្រជាពលរដ្ឋព័ទ្ធចាប់ខ្លួន ។
ជនសង្ស័យចាប់បានម្នាក់ឈ្មោះ ហួន វាសនា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ មានស្រុកកំណើតភូមិច្រណូក ឃុំ កំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចដកហូតបានម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AP-0006 ជាមធ្យោបាយរបស់ជនសង្ស័យ ។
ចំណែកជនរងគ្រោះ ឈ្មោះ កង សុភស្ត័ ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ នៅផ្ទះ ក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ។ រីឯម៉ូតូដែលជនសង្ស័យលួច ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GU-8636 ត្រូវបានជនសង្ស័យម្នាក់ទៀតជិះយកទៅបាត់ ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យមួយក្រុមជិះម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AP-0006 ដឹកគ្នា ទៅធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ម៉ាកស្កុបពី មួយគ្រឿង ខណៈដែលម្ចាស់ចតចាក់សោទុកមុខផ្ទះ រវល់តែធ្វើម្ហូប នៅក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល បានសម្រេចហើយ ជនសង្ស័យម្នាក់ជិះរត់គេច ម្នាក់បើកម៉ូតូកង់បីរត់ដែរ តែត្រូវបានប្រជាពលរដ្ឋដេញតាម រត់ទៅដល់ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ទៅបុកសសររោង ទុកម៉ូតូកង់បីចោល បន្តរត់ផ្លោះរបង ឡើងទៅលើហែកដំបូលផ្ទះក្បែរនោះ ចូលសំងំក្នុងបន្ទប់ ដាក់គន្លឹះជាប់ពីក្នុង ផ្អើលសមត្ថកិច្ច ប្រជាពលរដ្ឋ ឡោមព័ទ្ធអស់រយៈពេលជាង ១ម៉ោង ទើបម្ចាស់ផ្ទះមកដល់ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ត្រពាំងក្រសាំង ធ្វើយ៉ាងណាចាប់ជនសង្ស័យឲ្យខានតែបាន ទើបកម្លាំងសម្រុកធាក់ទ្វារទម្លាយចូលចាប់ជនសង្ស័យបាន ។
ជនសង្ស័យម្នាក់ ក្រោយពីសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យចាប់ខ្លួនបាន រួចប្រគល់ឲ្យសមត្ថកិច្ចខណ្ឌកំបូលវិញ រួមជាមួយម៉ូតូកង់បីមួយគ្រឿង ដើម្បីបន្តសាកសួរនិងកសាងសំណុំរឿងបន្តតាមនីតិវិធី ៕







មតិយោបល់