ព័ត៌មានជាតិ

អ្នកបើកគោយន្តដឹកគ្រែលក់បុកជាមួយរថយ​ន្តពេញទំហឹងបណ្តាលឲ្យរងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ

បន្ទាយមានជ័យ: យោងតាមផេករបស់ផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃបានឲ្យដឹងថា​ ថ្ងៃសៅរ៍ ២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកទឹកកកអនាម័យ មង្គលបូរី បុកគោយន្ត ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៤និង១០នាទីល្ងាច នៅចំណុចមុខរបងសាលាស្រុកស្វាយចេក នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ក្នុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ មឿន លិច ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ អ្នកបើកបរគោយន្តកន្ត្រៃដឹកគ្រែលក់ ។ មុនពេលកើតហេតុ អ្នកបើកគោយន្តកន្ត្រៃនិងប្រពន្ធ បានឈប់គោយន្តនៅលើចិញ្ចើមថ្នល់ខាងឆ្វេងនៃផ្លូវបែរក្បាលទៅទិសខាងជើងដើម្បីដេក។ នៅពេលកំពុងតែដេក ស្រាប់តែមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយដឹកទឹកកកអនាម័យមង្គលបូរី ក្បាលពណ៌ខៀវ ទ្រុងពណ៌ស ពាក់ស្លាកលេខ.(3B.9474ភ្នំពេញ) បើកបរដោយឈ្មោះ វ៉ា វី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានបុកពេញទំហឹងបណ្តាលឲ្យឈ្មោះ មឿន លិច អ្នកបើកគោយន្តនោះរបួសបាក់ជើងខាងស្តាំ ត្រូវបានប្រពន្ធដឹកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។ មូល ហេតុ បណ្តាលឲ្យគ្រោះថ្នាក់នេះ មកពីអ្នកបើកបររថយន្តបើកបរធ្វេសប្រហែសខ្ជះខ្ជាយ ខ្វះការប្រុងប្រយ័ត្ន ។ វត្ថុតាងនគរបាលជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេករងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

 

មតិយោបល់