ត្បូងឃ្មុំៈ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្ត្រីម្នាក់ដេកស្លាប់នៅក្នុងចំការដំឡូងមី ដោយមិនពាក់អាវក្រៅ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី៥និង៣០នាទីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ដែលមានចម្ងាយពីចំការដំឡូងមីប្រជាពលរដ្ឋប្រមាណជាង៦០០ម៉ែត្រ ខាងកើតភូមិពើក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ សែ គឹមសាន ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិថ្មពេជ្រទី១ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានទៅចំការដំឡូងមីរបស់គាត់ ខណៈនោះដើរបានប្រហែលជាង៦០០ម៉ែត្រ ពីចំការរបស់គាត់ ក៏ប្រទះឃើញសាកសពស្ត្រីម្នាក់ មិនស្គាល់ពីអត្តសញ្ញាណ ស្លៀកខោខូវប៊យ ជើងវែង មិនពាក់អាវខាងក្រៅ មានតែអាវទ្រនាប់ ស្លាប់ក្នុងសភាពហើមស្អុយ រលួយទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យតែម្តង ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះរួចមក សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើនេះ ស្លៀកខោខូវបោយ ជើងវែងពណ៍ខៀវ ពាក់អាវក្នុងគឺអាវទ្រនាប់ពណ៌ផ្កាឈូក អាវក្រៅគ្មាន កំពស់ប្រហែល ១,៦០ម៉ែត្រ មាឌធំ ទម្ងន់ប្រហែល៧៥គីឡូក្រាម សម្បុរសណ្តែកបាយ ស្លាប់ដេកផ្ងារ មានសភាពហើមស្អុយរលួយ មើលលែងចង់ស្គាល់ទៅហើយ ។ ខណៈដែលសមត្ថកិច្ចកំពុងធ្វើការហ៊ុមព័ទ្ធកន្លែងកើតហេតុ ទាំងយប់បូករួមទាំងមានភ្លៀងធ្លាក់ខ្លាំងទៀតនោះ គឺត្រូវផ្អាកការត្រួតពិនិត្យជាបណ្ដោះអាសន្ន និងធ្វើការស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនរងគ្រោះបន្តនៅវេលាព្រឹកនេះបន្តទៀត ៕
មតិយោបល់