ព័ត៌មានជាតិ

Update ៖ កុំចង់សាកជាមួយរថភ្លើង ខ្ទេចម៉ត់អ៊ីចឹងហា..

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមានរថយន្តបែនដឹកដីមួយគ្រឿង បើកទៅបុកជាមួយនឹងរថភ្លើង បោកផ្ទប់ទៅលើរនាំង បាំងផ្លូវរបស់ផ្លូវដែក ក្រឡាប់ខ្ទេចរថយន្ត កាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅក្បែរវត្តតាំងកសាងខាងត្បូង ភូមិព្រៃសាលា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកនីសាន់ បែនកង់៦ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP- 0641 បើកបរដោយបុរសម្នាក់មានឈ្មោះ ហុិន ឌឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករបើកបរររថយន្តដេប៉ូលក់គ្រឿងសំណង់ ស្នាក់នៅម្តុំផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិដូនទ្រា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែករថភ្លើងខ្សែអូសសណ្តោងទូដឹកប្រេង។

យោងតាមប្រភពព័ត៌មានពីបុគ្គលិកប្រចាំការនៅផ្លូវដែក ត្រង់ចំណុចខាងលើបានឲ្យដឹងថា មុនពេលកើតហេតុខណៈដែលរថភ្លើងខ្សែដឹកប្រេង បើកពីលិចទៅកើតជិតមកដល់ គាត់បានចេញមកធ្វើចរាចរណ៍ការពារចុចភ្លើងជាសញ្ញា ស្រាប់តែរថយន្តបង្កបើកពីត្បូងទៅជើងឡើងទៅដល់លើផ្លូវដែកឆ្លងកាត់ ស្រាប់តែរថភ្លើងមកដល់ល្មម ទើបបណ្តាលឲ្យបុកប៉ើងបោកផ្ទប់ទៅលើរនាំង ការពារផ្លូវដែក បណ្តាលឲ្យបាក់ដាច់ខ្ទេចតែម្តង។

ចំណែកការបកស្រាយរបស់អ្នកបើកបររថយន្តវិញបានឲ្យដឹងថា ខណៈដែលគាត់មិនស្រួលខ្លួនផង ក្រោយពីលេបថ្នាំហើយ អត់មានអ្នកបើករថយន្តជំនួស ខ្លួនបើកក្នុងបំណងទៅយកខ្សាច់នៅគីឡូម៉ែត្រលេខ៩ ស្រាប់តែបើកមកដល់ចំណុចលើផ្លូវដែក ខាងលើដោយមានទួល ហើយជាប់លេខ៤ ទៅមុខលែងរួចក៏សាងលេខតែសាងមិនទាន់ ត្រូវរថភ្លើងមកដល់ល្មមបណ្តាលឲ្យបុកយ៉ាងពេញទំហឹងក្រឡាប់ផ្ងារជើងតែម្តង។

ក្រោយកើតហេតុ រថភ្លើងបានបន្តដំណើរចូលស្ថានីយ៍ធំភ្នំពេញបាត់ រហូតដល់វេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃខែដដែល ទើបមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែងកើតហេតុ ហើយរថយន្តត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅផ្នែកជំនាញស្នងការក្រុងភ្នំពេញ រង់ចាំដោះស្រាយបន្តទៀត៕
https://youtu.be/0mAnmwVQD1Y

មតិយោបល់