ព័ត៌មានជាតិ

យ៉ាងហោចណាស់ មនុស្ស​ ២នាក់ បានស្លាប់ក្នុងហេតុការណ៍ម៉ូតូ ២គ្រឿងបុកគ្នា ចំណុចផ្លូវកោង

កណ្ដាលៈ នៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២និង៤៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ លើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក WinnerX ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J-1837 បើកបរដោយឈ្មោះ ជា ឡុងហេង ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ពីត្បូងទៅជើង (ជ្រៃធំ-តាខ្មៅ) ពាក់មួកសុវត្ថិភាព។ លុះពេលមកដល់កន្លែងកើតហេតុ ស្រាប់តែបុកជាមួយម៉ូតូមួយគ្រឿងទៀតដែលបើកបរក្នុងទិសដៅបញ្ជ្រាសទិសគ្នា ពីជើងទៅត្បូង(តាខ្មៅ-ជ្រៃធំ) ម៉ូតូមានម៉ាក MSLAS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1IB-8834 បើកបរដោយឈ្មោះ ចាយ ឌី ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅ ភូមិគោកអង្គង់ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ (ពាក់មួកសុវត្ថិភាព) បណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំងពីរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយពីបានទទួលព័ត៌មាន សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងទាំងពីរមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែក សពអ្នកទាំងពីរ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ការសន្និដ្ឋានបឋម៖ ករណីនេះបណ្ដាលមកពី អ្នកបើកបរម៉ូតូ ម៉ាកWinnerX បើកបរក្នុងល្បឿនលឿន ក្នុងស្ថានភាពផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង៕

មតិយោបល់