ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសម្នាក់បើករថយន្តលឿន រេចង្កូតក្រឡាប់ទៅលើម៉ូតូ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និងរងរបួសម្នាក់ នៅស្រុកថ្មគោល

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៨និង១០នាទី លើផ្លូវជាតិលេខ៥៧B ត្រង់ចំណុចក្រុមទី៣៣ ស្ថិតក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តធុនតូចមួយនិងម៉ូតូម៉ាកហុងដាឌ្រីម បណ្តាលឲ្យមនុស្សចំនួន ០២នាក់ស្លាប់ និង០១នាក់ទៀតរងរបួស។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានរាយការណ៍ឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តធុនតូចមួយគ្រឿង ម៉ាកនីសាន់ហ្វ្រនធា (NISSAN FRONTIER) ពណ៌ស ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ បាត់ដំបង 2C-1446 បើកបរដោយឈ្មោះ ខិត សុភ័ណ្ឌ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ រួមដំណើរមានគ្នា ០២នាក់ ទី១.ឈ្មោះ ឃិន បេង ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិព្រៃស្អាក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងទី២.ឈ្មោះ រ៉ាន រីណាដូ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ បានបុកនឹងម៉ូតូ ០១គ្រឿង ម៉ាក ហុងដាឌ្រីម (HONDA-DREAM) ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AE-7678 បើកបរដោយឈ្មោះ ធឿន ប៊ុនយ៉ាន ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិបល្ល័ង្គលើ ឃុំខ្នាចរមាស ស្រុកបវេល រួមដំណើរមានគ្នា ០១នាក់ឈ្មោះ បិត ចិន្តា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល។ ហេតុការណ៍ខាងលើនេះ បណ្តាលឱ្យភាគីអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរជាមួយស្លាប់នៅកន្លែងកើតហេតុ ០២នាក់ (មិនពាក់មួកសុវត្ថិភាព) ចំណែកភាគីអ្នករួមដំណើរជាមួយរថយន្តរងរបួសស្រាល ០១នាក់ប្រុស រីឯរថយន្តក្រឡាប់នៅកន្លែងកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់។

តាមការពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថាមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះគឺ បណ្តាលមកពីរថយន្តធ្វើដំណើរពីទិសខាងលិចទៅកើតក្នុងល្បឿនលឿន លុះពេលមកដល់ចំណុចកើតហេតុបានរេចង្កូតបណ្តាលឱ្យក្រឡាប់ទៅលើម៉ូតូធ្វើដំណើរក្នុងទិសដៅផ្ទុយតែម្តង។

ករណីនេះ កម្លាំងជំនាញនគរបាលស្រុកបានវាស់វែង និងដកហូតមធ្យោបាយបង្កទាំង០២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីរង់ចាំចំណាត់ការតាមផ្លូវច្បាប់៕

មតិយោបល់