-

ជិតដល់ថ្ងៃចូលរោងការ នាំគ្នាជិះម៉ូតូទៅលេងឪពុកម្តាយខាងបុ្រស ជួបគ្រោះថ្នាក់ចរាចរណ៍ប្រុសស្លាប់ ស្រីរបួសធ្ងន់

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ពីរនាក់គូដណ្តឹងជិតដល់ថ្ងៃចូលរោងការនាំគ្នាជិះម៉ូតូទៅលេងឪពុកម្តាយខាងប្រុស នាថ្ងៃសែនចូលឆ្នាំចិន វៀតណាម ជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកជាមួយម៉ូតូ ខាងប្រុសស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកខាងស្រី រងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តសិរីមង្គលស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

នគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា៖ មុនពេលកើតហេតុមានរថយន្ត០១គ្រឿងម៉ាកLEXUS RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AQ-3250 បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដល់ចំណុចកើតហេតុផ្លូវកោងបានបុកប៉ះម៉ូតូ០១គ្រឿងធុនC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ1BG-1154​ ភ្នំពេញ ជិ:គ្នា០២នាក់ ក្នុងទិសដៅផ្ទុយគ្នាពីត្បូងទៅជើង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នករួមដំណើររងរបួសធ្ងន់ បាក់ឆ្អឹងត្រគៀកទាំងសងខាង បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យពោ២ ខេត្តបាត់ដំបង ។​ អ្នកបើកបររថយន្តក្រោយកើតហេតុបានរត់គេចខ្លួនបាត់ វត្ថុតាងរថយន្តនិងម៉ូតូខូចខាតធ្ងន់ យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ។

តាមការឲ្យដឹងពីឪពុកខាងស្រី បានប្រាប់ថា៖ ជនរងគ្រោះទាំង០២នាក់ ជាគូដណ្តឹងនឹងគ្នាខាងប្រុសជាកូនប្រសារឈ្មោះ សាមឿង អាយុ៣៥ឆ្នាំ នៅភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ចំណែកកូនស្រីគាត់បង្កើតឈ្មោះ ឈន សូនេតសត្យា អាយុ២២ឆ្នាំ នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ពួកគេទាំង០២នាក់ ជាគូដណ្តឹងនឹងគ្នាជិតដល់ថ្ងៃរៀបការ នៅថ្ងៃទី១២ ខែកុម្ភ:នេះ នឹងបានដើរចែកសំបុត្រអញ្ជើញភ្ញៀវបានមួយចំនួនផងដែរ ។ នៅមុនពេលកើតហេតុពួកគេទាំង០២នាក់ បានចេញពីផ្ទះនៅភូមិអូរអណ្តូង ទៅលេងផ្ទះឪពុកម្តាយខាងប្រុស នៅភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ក៏បានជួបគ្រោះអកុសលនេះតែម្តង ៕

មតិយោបល់