ព័ត៌មានជាតិ

ហុងដាឌ្រីមបុកជាមួយកុងតឺន័រ របួសធ្ងន់ស្រាល ២នាក់

ភ្នំពេញ: ម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះគ្នា២នាក់ ហ្វ្រាំងមិនទាន់ ជ្រុលបុកជាមួយនឹងរថយន្តកុងតឺន័រ បត់ឆ្លងផ្លូវកាត់ពីមុខ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ៨និង១៥នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២២ នៅតាមផ្លូវហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ សៀមរាប 1AI-7837 ឌុបគ្នាធ្វើដំណើរពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តកុងតឺន័រ ម៉ាកនីសាន់ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1361 កំពុងបើកនៅខាងស្តាំស្របទិសគ្នា បត់ឆ្លងផ្លូវកាត់ពីមុខ ទើបធ្វើឲ្យជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកផ្ទប់តែម្តង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ដូចជាជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះធ្វើការវាស់វែង និងឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងរថយន្តព្រមចេញថ្លៃជួសជុល និងព្យាបាលជំងឺទៅភាគីរងគ្រោះដើម្បីបញ្ចប់រឿង ៕

មតិយោបល់