ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងគយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្មេងជំទង់ម្នាក់បានស្លាប់ភ្លាមៗក្នុងថ្លុកឈាមខណៈពេលបើកម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ ។​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦យប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ​នៅខាងត្បូងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទ្រាសចម្ងាយ ៤០០ម៉ែត្រ ស្ថិតក្នុងភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ សឿម សុក ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិត្រយឹង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1X.0395 ។​ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃ ត្រូវបានគេស្គាល់ឈ្មោះ លីន ឡេត ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិតាវឹក ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ មានគោយន្តកន្ត្រៃ០១គ្រឿង គ្មានចំណាំងផ្លាតឬភ្លើងបំភ្លឺខាងក្រោយជាសញ្ញានោះទេ បានធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅជើងពេលបើកមកដល់ចំណុចកើតហេតុខាងត្បូងប៉ុស្តិ៍នគរបាលទ្រាសប្រហែល ៤០០ម៉ែត្រ មានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ1X.0395 បើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ។ បន្ទាប់ពីកើតហេតុអ្នកបើកបរគោយន្តបានបើកគោយន្តមកឈប់នៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទ្រាស ហើយទុកគោយន្តចោលរត់គេចខ្លួនដោយសុវត្ថិភាព ។ ម៉ូតូខូចខាតធ្ងន់ គោយន្តខូចខាតស្រាល នគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកស្វាយចេក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីនគរបាលធ្វើការត្រួតពិនិត្យ៕

មតិយោបល់