ព័ត៌មានជាតិ

Toyota ប្រមូល​រថយន្ត ២.២៧​លាន​គ្រឿង​មក​ជួសជុល បញ្ហា​ពោង​សុវត្ថិភាព​

​ក្រុមហ៊ុន​ផលិត​រថយន្ត​តូយ៉ូតា នៅ​ថ្ងៃ​ពុធ​ទី​១១​ខែមិថុនា ឆ្នាំ ២០១៤ នេះ បាន​ប្រកាស​ឲ្យដឹង​ថា ខ្លួន​បាន​ប្រមូល​រថយន្ត​ប្រមាណ ២,២៧​លាន​គ្រឿង​នៅ​ជុំវិញ​ពិភពលោក ដោយសារ​បញ្ហា​ពោង​សុវត្ថិភាព ដែល​អាច​បង្កឲ្យមាន​គ្រោះថ្នាក់​។​
toyota

​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ជាងគេ​មួយ​នេះ បាន​និយាយថា នេះ​ជា​ការប្រមូល​រថយន្ត​ចុង​ក្រោយ​ដ៏​ធំ​មួយ​ដែល​មាន​រហូតដល់​ទៅ ២០​ម៉ូ​ដែល ក្នុងនោះ​រួមមាន Corolla sedan, Yaris និង Noah minivan ចំនួន ១,៦២​លាន​គ្រឿង​នៅ​ជុំវិញ​ពិភពលោក និង ៦៥០.០០០​គ្រឿង​នៅ​ក្នុង​ប្រទេស​ជប៉ុន​។​

​រថយន្ត​មួយ​ចំនួន​ត្រូវ​បាន​ប្រមូល​ម្ដង​រួចទៅហើយ​កាលពី​ឆ្នាំមុន ប៉ុន្តែ​មាន​ម្ចាស់​រថយន្ត​មួយ​ចំនួន​មិន​បាន​នាំ​យក​រថយន្ត​មក​ធ្វើការ​ផ្លាស់ប្ដូ​រពោង​សុវត្ថិភាព​នោះទេ ដូច្នេះហើយ​ទើប​តម្រូវឲ្យ​ក្រុមហ៊ុន​ប្រកាស​ប្រមូល​ម្ដងទៀត​។​

​ក្រុមហ៊ុន​បាន​បញ្ជាក់ថា ថ្មីៗ​នេះ មាន​អតិថិជន​របស់​ខ្លួន​នៅក្នុង​ប្រទេស​ជប៉ុន​បាន​រាយការណ៍​ឲ្យដឹងថា រថយន្ត​របស់​គាត់​បា​ន​កើត​មាន​បញ្ហា​ទៅ​លើ​ពោង​សុវត្ថិភាព ប៉ុន្តែ​មិន​បណ្ដាលឲ្យ​មាន​របួស​នោះ​ទេ​។​

​កាលពី​ខែ​មេសា​កន្លងទៅនេះ ក្រុមហ៊ុន​តូយ៉ូតា បាន​ប្រមូល​រថយន្ត​ជា​ទ្រង់ទ្រាយ​ធំ​រហូតដល់​ទៅ ៦.៣៩​លាន​គ្រឿង​នៅ​ជុំវិញ​ពិភពលោក ហើយ​កាលពី​ខែ​ឧសភា​មុននេះ ក៏​បាន​ប្រមូល​រថយន្ត ៥២០.០០០​គ្រឿង​មក​ជួសជុល​ផងដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ខែ​មីនា ក្រុមហ៊ុន​តូយ៉ូតា​បាន​យល់ព្រម​បង់​ប្រាក់​ពិន័យ ១,២​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ដោះស្រាយ​ការចោទប្រកាន់​បទ​ព្រហ្មទណ្ឌ ដោយ​បាន​កុហក​និយ័ត​ករ និង​សាធារណជន និង​ព្យាយាម​ពន្យា​ពេល​ក្នុង​ការប្រមូល​រថយន្ត​៕​

មតិយោបល់