កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថៃ្ងទី០១ ខែកុម្ភៈ ឆ្នាំ២០២២ កិច្ចប្រតិបត្ដិការអនុវត្តការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងខេត្តកំពង់ស្ពឺ បានបន្ដចុះត្រួតពិនិត្យរួមជាមួយផ្នែកប្រឆាំងគ្រឿងញៀន សំដៅកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែកើនឡើង និងបង្កើនប្រសិទ្ធភាពនៃវប្បធម៌ការបើកបរដោយការប្រកាន់ភ្ជាប់នូវសីលធម៌ និងការគោរពច្បាប់។
នាយប់ថៃ្ងទី០១កុម្ភៈ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ រួមជាមួយ លោកស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ និងកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះពិនិត្យនៅគោលដៅតាមបណ្ដោយផ្លូវជាតិលេខ៤១ ស្រុកគងពិសី និងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ជាលទ្ធផល នៃការត្រួតពិនិត្យកម្លាំងនគរបាលបានរកឃើញអ្នកបើកបររថយន្តធន់ធ្ងន់ ចំនួន ០៥នាក់ ក្នុង ចំណោមអ្នកបើកបររថយន្ត ៣០នាក់ មានផ្ទុកសារធាតុញៀន វិធានការបន្ដសមត្ថកិច្ចបានធ្វើការដកហូត ប័ណ្ណបើកបរ និងប្រគល់រថយន្ដអោយទៅក្រុមហ៊ុន ដោយត្រូវរកអ្នកបើកបរថ្មីគ្មានសារធាតុញៀន និងបញ្ជូនមនុស្សទាំង ០៥នាក់ ទៅកន្លែងបន្សាបសារធាតុញៀន និងព្យាបាល។
ជាការសំណូមពរ សូមម្ចាស់រថយន្ដជាថៅកែ និងអ្នកបើកបរផ្សេងទៀត សូមមេត្ដាចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ ដើម្បីសហការពិនិត្យ និងបញ្ឍប់ការអនុញ្ញតិអោយបុគ្គលជាអ្នកបើកបរមានឱកាសលទ្ធភាពប្រើប្រាស់សារធាតុញៀនក្នុងការបើកបរ(ចេះតាមដាននិងពិនិត្យតេស្ដ)កត្ដាអ្នកបើកបរឆ្វេសប្រហែស បណ្ដាលឲ្យបង្កជាគ្រោះថ្នាក់ចរាចរណ៍រួមជាមួយកត្ដាផ្សេងៗទៀត (ការបើកបរលើសល្បឿន មិនគោរពសិទ្ធិ វ៉ាស្ដាំ បើកជែង និងមានជាតិស្រវឹង)។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍ នៅទូទាំងខេត្ដកំពង់ស្ពឺ និងបន្ដអនុវត្ដរឹតបន្ដឹងការត្រួតពិនិត្យច្បាប់ ចរាចរណ៍ និងពិនិត្យសារធាតុញៀនលើអ្នកបើកបរបន្ដទៀត ស្របតាមគោលការណ៍ណែនាំ និងវិធានការ ច្បាប់៕
មតិយោបល់