ព័ត៌មានជាតិ

បងប្រុសខឹងប្អូនប្រុសញៀងស្រាស្រវឹងអុកឡុកក្រុមគ្រួសារ និងអ្នកជិតខាងច្រើនដង ទ្រាំមិនបានក៏ទាញយកកំណាត់ឈើជ្រុង វាយត្រូវក្បាលរងរបួស ក្រោយមកក៏ស្លាប់

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ប្អូនប្រុសញៀនស្រាស្រវឹងម្តងៗ បង្កអុកឡុកលើខ្លួនក្រុមគ្រួសារ និងអ្នកជិតខាង ដោយស៊ូទ្រាំមិនបាន ក៏ទាញយកកំណាត់ឈើជ្រុង វាយត្រូវក្បាលផ្នែកខាងក្រោយចំនួន០១ដំបង ហើយបានទាត់ចំផ្ទៃមុខចំនួន០១ជើង នឹងទាត់ត្រូវក្បាលផ្នែកខាងក្រោយចំនួន០១ជើង បណ្តាលឲ្យរងរបួសក្រោយមកក៏ស្លាប់ ។ អំពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោង ១០ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិច្រាប ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ ជនរងគ្រោះជាប្អូនឈ្មោះ យ៉ាន់ ហ៊ឹម ភេទប្រុស អាយុ ៣០ឆ្នាំ ចំណែកជនដៃដល់ជាបងបង្កើត ឈ្មោះ យ៉ាន់ ធី ភេទប្រុស អាយុ ៥៦ឆ្នាំ ទាំង០២នាក់ នៅភូមិច្រាប ឃុំណាំតៅ ស្រុកភ្នំស្រុក ។

លោកអធិការបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹង ទៅដេកនៅតូបលក់ដូរមុខផ្ទះ និងធាក់ជញ្ជាំងផ្ទះ ពេលនោះជនដៃដល់បានចាប់ទាញឲ្យទៅដេកនៅផ្ទះ តែនជនរងគ្រោះមិនព្រម ក៏ទាញឈើជ្រុងវាយត្រូវក្បាលផ្នែកខាងក្រោយ០១ដំបង ទាត់ត្រូវផ្ទៃមុខ០១ជើងនិងក្បាលផ្នែកខាងក្រោយ០១ជើង បន្ទាប់មកប្រពន្ធរបស់ជនរងគ្រោះបានយកប្តីទៅដេកនៅផ្ទះ ។ លុះនៅវេលាម៉ោង ០៣និង២០នាទីទាបភ្លឺ ថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ២០២២ ជនរងគ្រោះបានដាច់ខ្សល់ស្លាប់ ។

លោកអធិការបានបន្តថា៖ក្រោយពីទទួលបានព័ត៌មាន លោកបានដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងកម្លាំងផ្នែកជំនាញបច្ចេកទេសវិទ្យាសាស្ត្រ ចុះទៅកន្លែងកើតហេតុ ពិនិត្យសាកសពនិង ឃាត់ខ្លួនឈ្មោះ យ៉ាន់ ធី ជាជនដៃដល់ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ។

លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក បានបញ្ជាក់បន្ថែមថា៖ តាមចម្លើយសារភាពរបស់ជនដៃដល់ និយាយ ថាឈ្មោះ យ៉ាន់ ហ៊ឹម ដែលត្រូវជាប្អូនបង្កើតរបស់ខ្លួន ជាមនុស្សញៀនស្រា តែងតែផឹកស្រវឹងជាប្រចាំ និងធ្វើសកម្មភាពប្រព្រឹត្តអំពើហិង្សា បង្កអុកឡុកមកលើរូបខ្លួន នឹងក្រុមគ្រួសារ ព្រមទាំងអ្នកជិតខាងក្បែរផ្ទះ ដូចជាស្រវឹងដើរយកសំភារៈ ចាន ឆ្នាំង របស់របរហូបចុក វាយជញ្ជាំងផ្ទះដែលធ្វើពីស័ង្កសី បណ្ដាលអោយរយាស់រហែក និងគំរាមគំហែងមកលើខ្លួនមិនឲ្យខ្លួននៅនឹងផ្ទះបាន។ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១០នាទីព្រឹក វាបានផឹកស្រាស្រវឹងដេកនៅនឹងតូបលក់អីវ៉ាន់មុខផ្ទះ ហើយធ្វើសកម្មភាពយក ជើងធាក់ជញ្ជាំងផ្ទះ ភ្លាមនោះខ្លួនបានទៅចាប់ទាញចេញពីតូបលក់អីវ៉ាន់ក្នុងគោលបំណង ឲ្យឈ្មោះ យ៉ាន់ ហ៊ឹម ទៅដេកនៅក្នុងផ្ទះវិញ វាមិនព្រមទៅនិងបានរើបំរាស់ទើបខ្លួនទ្រាំមិនបានយកកំណាត់ឈើជ្រុង វាយត្រូវក្បាលផ្នែកខាងក្រោយចំនួន០១ដំបង ហើយបានទាត់ចំផ្ទៃមុខចំនួន០១ជើង នឹងទាត់ត្រូវក្បាលផ្នែកខាងក្រោយចំនួន០១ជើង បន្ទាប់មកទើបប្អូនថ្លៃត្រូវជាប្រពន្ធ មកយកទៅផ្ទះ។ លុះដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២,៣០នាទីទៀបភ្លឺ ពេលដែលខ្លួនកំពុងដេកនៅនឹងផ្ទះ មានអ្នកជិតខាងបានមកប្រាប់ថាឈ្មោះ យ៉ាន់ ហ៊ឹម បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

លោកអធិការបានបញ្ជាក់បន្ថែមថា ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងនគរបាលជំនាញ កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់