ព័ត៌មានជាតិ

រថយន្តធុនធំពីរគ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង នៅខណ្ឌជ្រោយចង្វា

ភ្នំពេញ: រថយន្តដឹកដែកមួយគ្រឿង បានចុះពីលើស្ពានព្រែកព្នៅ រួចបត់ស្តាំចូលទៅផ្លូវលំ តែមិនទាន់ផុតផង ត្រូវរថយន្តបាញ់ស៊ីម៉ងត៍ទៅត្រង់បុកផាំង រងការខូចខាតទាំងសងខាង ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ ២០២២ ចំណុចមហាវិថី ឈ្នះ ឈ្នះ ខាងកើតស្ពានព្រែកព្នៅ ប្រមាណ១០០ម៉ែត្រ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

រថយន្តដឹកដែកម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស-លាយខៀវ ពាក់ស្លាកលេខភ្នំពេញ 3F 8963 បើកដោយបុរសម្នាក់ ។ ចំណែករថយន្តបាញ់ស៊ីម៉ងត៍ម៉ាក DAEWOO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A 2011 បើកដោយបុរសម្នាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទាំងពីរគ្រឿងខាងលើ បានបើកចុះពីស្ពានព្រែកព្នៅ តាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ស្របទិសគ្នាពីលិចទៅកើត ដោយរថយន្តហ៊ីយ៉ាន់ដាយ បើកខាងមុខរថយន្តតែនៅខាងឆ្វេងដៃ លុះបើកដល់ចំណុចកើតហេតុ ឃ្លាតពីស្ពានប្រមាណ១០០ម៉ែត្រ ស្រាប់តែរថយន្តហ៊ីយ៉ាន់ដាយ បត់ស្តាំដើម្បីឆ្លងទៅចូលផ្លូវលំ តែឆ្លងមិនទាន់ផុតផង រថយន្តបាញ់ស៊ីម៉ងត៍ ដែលបើកស្របគ្នានៅខាងស្តាំអកហ្សើ ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តហ៊ីយ៉ាន់ដាយ រងការខូចខាតទាំងសងខាង ។

ក្រោយពីកើតហេតុ ភាគីទាំងសងខាងទាក់ទង តំណាងរៀងខ្លួនមកដោះស្រាយរកខុសត្រូវ នឹងចរចារបញ្ចប់រឿង ៕

មតិយោបល់