ព័ត៌មានជាតិ

ប្រជាពលរដ្ឋប្រទះឃើញម៉ូតូ និងស្បែកជើងនៅលើស្ពានគីហ្សូណា សង្ស័យមានអ្នកមកលោតទឹកសម្លាប់ខ្លួន

កំពង់ចាម: យោងតាមផេក អធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង០៤ និង ៣០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា មានករណីប្រទះឃើញម៉ូតូ និងស្បែកជើងនៅលើស្ពានគីហ្សូណា សង្ស័យលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា នៅត្រង់ចំណុចចន្លោះបង្គោលទី០៩ និង ទី១០ ។

ក្រោយពីបានទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាមបានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលវាលវង់ សហការជាមួយកម្លាំងគោលដៅយាមស្ពានគីហ្សូណា បានទៅដល់ចំណុចកើតហេតុខាងលើ សមត្ថកិច្ចបានឃើញមាន បន្សល់ទុកម៉ូតូ ០១ គ្រឿង ម៉ាកអឹមអេសអិច ពណ៌ក្រហម ពាក់ស្លាក់លេខ ភ្នំពេញ 1CW- 3930 ស្បែកជើងចំនួន ០១គូ និងកាបូបលុយចំនួន ០១ ពណ៌ត្នោត ។

កម្លាំងបានធ្វើការត្រួតពិនិត្យក្នុង កាបូបលុយមានបន្សល់ទុកសម្ភារ:មួយចំនួនដូចជា៖ -អត្តសញ្ញាណប័ណ្ណ ០១ សន្លឹក ឈ្មោះ ឆេង សុឃាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងសង្កែ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្ត កំពង់ចាម ។ -ប័ណ្ណសម្គាល់យានយន្ត ( ម៉ូតូ) ស្លាក់លេខ ភ្នំពេញ 1BL – 6134 ។ -កាតធនាគាវីង ០១ សន្លឹក ។ -លិខិតសុំទោស ០១ សន្លឹក ។ – ប្រាក់ចំនួន ៣២,៧០០រៀល ។

បច្ចុប្បន្នសម្ភារ:ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ និងទំនាក់ទំនងទៅមូលដ្ឋានស្រុក ផ្តល់ព័ត៌មាន ដើម្បីស្រាវជ្រាវ រកសាច់ញាតិផងដែរ ៕

មតិយោបល់