ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចខ្សែដៃ ត្រូវម្ចាស់ដឹងទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

​កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០៥ និង ០០ នាទី ករណីអំពើលួចមិនរាងចាល (ខ្សែដៃ) ចំណុចផ្ទះជនរងគ្រោះភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ យិន ស្រស់ ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមេផ្ទះ ។ ជនសង្ស័យឈ្មោះ ឃួន ចាន់នីតា ហៅ ខ្តា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ ១-ខ្សែដៃធ្វើអំពីលោហធាតុ ពណ៌លឿង ចំនួន១ខ្សែ (របស់ជនរងគ្រោះ) ។ ២-កាបូបដៃពណ៌ខ្មៅចំនួន១(របស់ជនសង្ស័យ) ។ ៣-បណ្ណចាក់វ៉ាក់សាំងចំនួន១សន្លឹក (របស់ឈ្មោះចាន់ មករា) ។

នៅថ្ងៃកើតហេតុ ជនសង្ស័យខាងលើបានធ្វើសកម្មភាព គាស់បង្អួចផ្ទះជនរងគ្រោះ ដែលកំពុងដេក រួចទាញយកខ្សែដៃជនរងគ្រោះ ហើយរត់គេចខ្លួន តែជនរងគ្រោះដឹងខ្លួនទាន់ស្រែកថាចោរៗ នាំគ្នាដេញចាប់បានរួមទាំងវត្ថុតាង ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ព្រែកហូរ ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកខ្សែដៃ របស់ជនរងគ្រោះឈ្មោះ យិន ស្រស់ ពិតប្រាកដ​មែន ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តនីតិវិធី ៕

មតិយោបល់