ព័ត៌មានជាតិ

សហរដ្ឋអាមេរិក ព្រមលក់បរិក្ខា និងសេវាតម្លៃ ១០០លានដុល្លារ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធមីស៊ីលរបស់តៃវ៉ាន់

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានអនុម័តការលក់បរិក្ខាមីស៊ីល និងកញ្ចប់សេវាមានតម្លៃ ១០០លានដុល្លារ ដល់តៃវ៉ាន់ ដើម្បីឲ្យដែនកោះមួយនេះធ្វើទំនើបកម្ម ប្រព័ន្ធការពារមីស៊ីល Patriot របស់ខ្លួន។ អាមេរិកមិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ឡើយ តែទីក្រុងវ៉ាស៊ីនតោនបានបន្តលក់អាវុធឱ្យតៃវ៉ាន់ជាច្រើនឆ្នាំមកហើយ ទោះជាមានការប្រឆាំងដាច់ខាតពីចិនក៏ដោយ។

ទីភ្នាក់ងារសហប្រតិបត្តិការផ្នែកសន្តិសុខ និងការពារជាតិអាមេរិក (DSCA) បានបញ្ជូនលិខិតបញ្ជាក់មួយទៅកាន់សភារួចរាល់ហើយ បន្ទាប់ពីក្រសួងការបរទេសអាមេរិក យល់ព្រមលក់គ្រឿងបរិក្ខាយោធា និងកញ្ចប់សេវាខាងលើនេះ តបតាមការស្នើរបស់ការិយាល័យតំណាងកោះតៃវ៉ាន់ ប្រចាំនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

ដោយឡែក ក្រុមហ៊ុនអាមេរិក Raytheon និង Lockheed Martin នឹងត្រូវទទួលបន្ទុកក្នុងការលក់គ្រឿងបរិក្ខាមីស៊ីល និងកញ្ចប់សេវាដល់កោះតៃវ៉ាន់។ សំណើ ធ្វើទំនើបកម្មប្រព័ន្ធការពារមីស៊ីល Patriot របស់កោះតៃវ៉ាន់ ត្រូវបានលើកឡើង នៅក្នុងជំនួបរវាងមន្ត្រីរដ្ឋាភិបាលតៃវ៉ាន់ និងសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៩ មកម្ល៉េះ៕

ប្រភព៖​​​​​​ Reuters

មតិយោបល់