ភ្នំពេញៈ មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោក ជាតិ ខេមរា ដែលត្រូវគេស្គាល់ថាជាម្ចាស់បទ«មនុស្សក្រៅបេះដូង» ដ៏ល្បីល្បាញកាលពីអំឡុងឆ្នាំ២០០៤ ចេញមុខវាយលុកទីផ្សារសិល្បៈជាថ្មី។ យ៉ាងណាមិញ លោកមិនមែនបង្ហាញខ្លួនក្នុងនាមជាតារាចម្រៀងដូចមុននោះទេ តែជាការត្រលប់វិញក្នុងនាមជាអ្នកផលិតបទចម្រៀងនៅក្នុងផលិតម្មGPSI។
លោក ជាតិ ខេមរា ដែលត្រូវគេស្គាល់ថាជាអតីតតារាចម្រៀង និងជាអ្នកបណ្ដុះអ្នកសិល្បៈជំនាន់ក្រោយរាប់មិនអស់ បានថ្លែងប្រាប់ថាក្នុងពេលដ៏ខ្លីលោកនឹងបើកផលិតកម្មចម្រៀងផ្ទាល់ខ្លួនមួយ ដើម្បីបញ្ចេញស្នាដៃកុំឲ្យស្ងប់ស្ងាត់។ ផលិតកម្មនោះ លោកនឹងផលិតបទនិពន្ធថ្មី និងបទល្អៗជាច្រើនបង្អួតទីផ្សារ ដើម្បីលើកស្ទួយដល់វិស័យសិល្បៈ។ យ៉ាងណាមិញ លោកថាមិនមានគម្រោងផលិតបទថ្មីឲ្យតារាចម្រៀង ពិសិដ្ឋ បញ្ញាស័ក្ត ដែលត្រូវគេស្គាល់ថាជាតារាដែលលោកបណ្ដុះឲ្យមានឈ្មោះបោះសំឡេងតាំងពីចូលប្រឡូកសិល្បៈដំបូង ឲ្យក្លាយជាតារាចម្រៀងនោះទេ។ លោកថារវាងលោក និងតារាចម្រៀងពិសិដ្ឋ បញ្ញាស័ក្ត នៅតែជាបងប្អូនល្អនឹងគ្នា បើទោះជាមានមុននេះរវាងលោក និងគេ កើតមានរឿងខ្វែងយោបល់ចំពោះគ្នាធ្វើឲ្យមានការភ្ញាក់ផ្អើលនោះក៏ដោយ។
លោកថាក្រោយការទទួលស្គាល់កំហុសឆ្គងរបស់លោក ពិសិដ្ឋ បញ្ញាស័ក្ត លោកបានសម្រេចចិត្តអត់ប្រកាន់ និងនៅតែមានបំណងលើកស្ទួយតារារូបនេះដូចដើម បើទោះជាពិសិដ្ឋ បញ្ញាស័ក្ត អតីតតារាចម្រៀងក្រុមF2B មិនស្ថិតជាសមាជិករបស់ផលិតកម្មថ្មីរបស់លោកក៏ដោយ។ លោកថា ពិសិដ្ឋ បញ្ញាស័ក្ត នឹងក្លាយជាសមាជិកថ្មីរបស់ផលិតកម្ម GPSI បើតារាចម្រៀងរូបនេះសម្រេចចិត្តសុំឲ្យលោកធ្វើការជ្រោមជ្រែងជាថ្មី។ ទន្ទឹមនឹងការត្រៀមបង្ហាញផលិតកម្មថ្មីបន្ទាប់ពីបានបាត់មុខ លោកក៏បានប្រកាសនឹងបញ្ចេញរឿងប្រភេទអប់រំ ដែលបានផលិត និងសម្ដែងរួមគ្នាជាមួយតារាចម្រៀងពិសិដ្ឋ បញ្ញាស័ក្ត ក្រោមចំណងជើងថា«ទឹកភ្នែកក្មេងឈាមរាវ»ក្នុងពេលដ៏ខ្លីផងដែរ។
លោក ពិសិដ្ឋ បញ្ញាស័ក្ត និយាយថាលោកសប្បាយចិត្តដែលលោកជាតិ ខេមរា បានសម្រេចចិត្តចូលបម្រើស្នាដៃសិល្បៈជាថ្មីតាមរយៈការបើកផលិតកម្មចម្រៀង។ លោកថាបើទោះជាខ្លួនមានការរវល់ច្រើន ហើយមិនទាន់មានឱកាសចូលច្រៀងនៅក្នុងផលិតកម្មនេះ តែលោកជឿ១០០ភាគរយថាលោក ជាតិ ខេមរា នឹងមានស្នាដៃលេចធ្លោតាមរយៈផលិតកម្មថ្មីនេះ។ លោកថាថ្វីដ្បិតតែលោកមានការងារច្រើននាពេលចុងក្រោយ ប៉ុន្តែលោកនៅតែទទួលស្គាល់ថារយៈពេលមិនតិចជាង៦ឆ្នាំនោះទេ ដែលលោកជាតិ ខេមរា ជាអ្នកបណ្ដុះបណ្ដាលខ្លួន និងផ្ចុងផ្ដើមឲ្យខ្លួនមានថ្ងៃនេះនៅក្នុងវិថីសិល្បៈ៕
មតិយោបល់